ព័ត៌មានទាន់ហេតុការណ៍៖

អូមីក្រុង៖ ប្រទេសជាច្រើនក្នុងតំបន់អាស៊ីទទួលឆ្នាំថ្មីដោយស្ងប់ស្ងាត់

ចែករំលែក៖

ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនមិនត្រូវធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡើយ។ ជាមួយគ្នានេះដែរ ពិធីបាញ់កាំជ្រួច ក៏ដូចជាពិធីអបអរសាទរផ្សេងៗត្រូវបានលុបចោល ហើយហាមប្រាមពលរដ្ឋជួបជុំគ្នាច្រើនដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។
នៅក្នុងប្រទេសចិន ពិធីបុណ្យ Chun Jie (ឬពិធីបុណ្យនិទាឃរដូវ) គឺជាពិធីបុណ្យដ៏សំខាន់ប្រចាំឆ្នាំ ត្រូវបានមន្ត្រីក្នុងតំបន់ខិតខំទប់ស្កាត់ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការប្រកួតកីឡា អូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈខាងមុខនេះ។
ខេត្តក្រុងជាច្រើននៅក្នុងប្រទេសចិន បានលើកទឹកចិត្តដល់ពលរដ្ឋដែលទៅផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំនឹងទទួលបានកាតទិញទំនិញនៅក្នុងផ្សារដោយអត់គិតថ្លៃ ។ ចំពោះតំបន់ផ្សេងទៀត អ្នកទៅផ្ទះគឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះ។
ដោយឡែកនៅក្នុងកោះហុងកុងវិញពិធីតាំងពិព័រណ៍ក្នុងឱកាសបុណ្យចូលឆ្នាំដែលតែងតែធ្វើឡើងប្រចាំឆ្នាំ គឺត្រូវបានផ្អាក សាលារៀនបិទទ្វារ ហាង ក្លិប រោងភាពយន្តក៏ត្រូវបិទទ្វារផងដែរ។ ចំណែកអ្នកទេសចរទៅកាន់កោះហុងកុងនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ។
នៅកូរ៉េខាងត្បូងក៏ដូចគ្នានេះដែរ ដោយមានករណីឆ្លងកូវីដ-១៩ រហូតដល់ជាង១៧ពាន់នាក់ក្នុងថ្ងៃទី ៣០ខែមករា ធ្វើឱ្យរាល់សកម្មភាពទទួលឆ្នាំថ្មីត្រូវបានផ្អាក ។
ចំណែកនៅទីក្រុងម៉ានីលក៏បានរឹតត្បិតក្នុងតំបន់ដែលជាជនជាតិចិនរស់នៅប្រមាណ១,៣៥លាននាក់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ -១៩។
នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីវិញ ក៏មិនខុសគ្នានោះដែរ រដ្ឋាភិបាលបានរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី៕ ដោយ៖សាធី

រូបថត៖Reuters.


ចែករំលែក៖