ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថា, ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្លាប់លើកឡើងថា, ថ្ងៃទី២៥ខែមករា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានសំណួរមួយលើកឡើងអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានតបតាមការបង្គំថ្វាយ នឹងស្ដេចយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។ ព្រះករុណាព្រះមហាក្សត្រគឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា។
ពិធីដ៏មហោឡារិកដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២)។ ពិភពលោកកំពុងទន្ទឹងរង់ចាំក្នុងការទទួលអំណរទ្វេដងជាមួយប្រជាជនចិនក្នុងការទទួលអំណរឆ្នាំថ្មី និងអំណរនៃឧត្តមភាពកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២។ យើងបានដឹងហើយថា តម្រូវការសុខភាពល្អជូនដល់ប្រជាជន គឺជាតម្លៃគោលដើមនៃការអនុវត្តជាប្រចាំថ្ងៃនៃកីឡា។ មិនថាកីឡាករ កីឡាការិនី ឬអ្នកស្រឡាញ់វិស័យកីឡា ឬអ្នកនិយមហាត់ប្រាណ អាចបង្កើតនូវសា្នដៃល្អៗបានដោយអាស្រ័យលើថាការគោរពគុណធម៌កីឡា និងគោរពតាមគោលការណ៍សុខភាព។ សុខភាពសាធារណៈ ឬសុខភាពល្អជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយជាងពេលណាៗទាំងអស់ ដែលកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសាមគ្គីភាពប្រជាជាតិ និងរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
ទាំងអស់នេះចង្អុលបង្ហាញពីការពិត កីឡាលូតលាស់តែនៅពេលដែលកីឡាកើតចេញពីការថែទាំសុខភាព និងសាមគ្គីភាពជូនដល់មនុស្សជាតិដែលជាមេរៀននៃជីវភាពជាក់ស្តែងពិតប្រាកដ ហើយដើរស្របទៅតាមពេលវេលាយ៉ាងជិតស្និទ្ធ។ កីឡាករ កីឡាការិនី អ្នកស្រឡាញ់កីឡា អ្នកហាត់កីឡា តែងយកចិត្តទុកដាក់អំពីសុខុមាលភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈរបស់មនុស្សជាតិ ហើយបញ្ជូលភាពសប្បាយរីករាយ និងបង្កើនសុខភាពទៅក្នុងជីវភាពរស់នៅរបស់ខ្លួន ដើម្បីពង្រឹងលើការរំពឹងទុក និងទំនុកចិត្តរបស់ខ្លួនចំពោះអនាគតដែលល្អប្រសើរជាងមុនប្រកបដោយសុខភាពល្អបរិបូរណ៍។
ភាពរឹងមាំរបស់កីឡាស្ថិតទៅតាមឆន្ទៈរបស់មនុស្សជាតិ និងការឆ្លុះបញ្ចាំងពីសហគមន៍រួមគ្នារបស់មនុស្សជាតិ។ កីឡាជានិមិត្តសញ្ញាវប្បធម៌អរូបីរបស់មនុស្សជាតិ មនុស្សជាតិម្នាក់ៗពោរពេញទៅដោយអារម្មណ៍ មានទឹកចិត្ត មានក្តីសុបិន និងការតស៊ូក្នុងការលើកស្ទួយគុណតម្លៃរបស់កីឡា ជាពិសេសគុណតម្លៃរបស់កីឡាអូឡាំពិក គឺឧត្តមភាព មិត្តភាព និងការគោរព ដែលនេះជាមូលដ្ឋានគ្រឹះរបស់ចលនាអូឡាំពិកក្នុងការបង្កើតសកម្មភាពរបស់ខ្លួនដើម្បីលើកកម្ពស់វិស័យកីឡា វប្បធម៌ និងការអប់រំ និងក្នុងគោលបំណងកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ ជាការណ៍ដែលមិនអាចប្រកែកបានថា គុណតម្លៃទាំងបីរបស់កីឡាអូឡាំពិកនេះត្រូវបាន ប្រជាជននិងប្រទេសចិនគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេសកីឡាអូឡាំពិករដូវរងា២០២២នេះគឺជាតឹកតាងបញ្ជាក់កាន់តែប្រត្យក្សបន្ថែមទៀតថានេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ៕
ដោយ៖សុខ ខេមរា