ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី ១ សម្រាប់រដូវប្រាំង (២០២១-២០២២) និងដើមរដូវវស្សា ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២២ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖
ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ ២០២២ ព្រះរាជាណាចក្រកម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា La Nina ប្រមាណ ៨៥ ភាគរយ និងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ El Nino (ក្តៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ ៧០ ភាគរយ វិញ ព្រមជាមួយគ្នានឹងបាតុភូត El Nino មានប្រមាណ ១០ ភាគរយ .

២- រដូវប្រាំង ៖
២.១- សីតុណ្ហភាព ៖
– សីតុណ្ហភាពអាចទាបជាងមធ្យមភាគច្រើនឆ្នាំ ។
– នៅខែកុម្ភៈ ៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ២១-២៤ ºC ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាព អប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៨-២១ ºC ដោយឡែកសម្រាប់តំបន់មាត់ សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ២០-២៣ ºC ។
– ចាប់ពីខែមេសា ដល់ខែឧសភា ៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។ ក្នុងនោះបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣៥-៣៨ ºC ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣៤-៣៧ ºC ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣២-៣៥ ºC ។
– ក្នុងខែមេសា និងខែឧសភា ៖ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ពី ៣៧-៣៩ ºC ។
២.២- ទឹកភ្លៀង ៖
– បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាង ឆ្នាំ ២០២១ ។
– ចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ ។

៣- ដើមរដូវវស្សា ៖
– រដូវវស្សាឆ្នាំ ២០២២ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃ ខែឧសភា ។

បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖