ខេត្តព្រះសីហនុ៖ មុខសញ្ញាចោរលួចកាត់ខ្សែភ្លើងនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុចំនួន៤នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តឃាត់ខ្លួនក្រោយពីពួកគេនាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅតាមទីសាធារណៈ។
បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីវេលាម៉ោង២២និង២០នាទីយប់ នៅថ្ងៃសុក្រទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជិះម៉ូតូល្បាតតាមដងផ្លូវដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុចផ្លូវការិយាល័យចរាចរណ៍ផ្លូវគោកថ្មី (ឃ្លាំងលើ) ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ០៤នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដឹកសម្ភារដាក់ក្នុងបាវពណ៌សមួយ។ ភ្លាមនោះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចជំនាញក៏បានឃាត់ជនសង្ស័យដើម្បីត្រួតពិនិត្យជាក់ស្ដែងក៏ប្រទះឃើញវត្ថុតាងរួមមាន៖ ស្ពាន់ខ្សែភ្លើងមួយចំនួន និងកន្ត្រៃកាត់ខ្សែភ្លើង០១ ដែកឆាប០១ដើម និងពិលឆ្លុះ០១ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ តែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់រួចមក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី