ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបានពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតលោកឧត្តមសេនីយ៍ម្នាក់ មានតួនាទីជាអគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធអេឡិចត្រូនិច( Telegram)ដែលភាគីអះអាងថា ជាជនរងគ្រោះ បានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចោទប្រកាន់លោកផ្កាយ៣ម្នាក់ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ពាក្យបណ្តឹង ដោយមានខ្លឹមសារថា, កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ.ឆបោក លើទឹកប្រាក់ចំនួន៧១.០០០ ដុល្លារអាមេរិក ។
សូមបញ្ជាក់ថា, ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិសម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយបីអាចជួយឲ្យចូលក្របខ័ណ្ឌបាន តម្រូវយកប្រាក់ក្នុងម្នាក់ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅ ដោយធានាថារយៈពេល២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌរដ្ឋ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។
ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន៧.១០០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧ នាក់បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខ័ណ្ឌទេ ហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង ។
ក្រោយពីមានពាក្យបណ្តឹង នោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ និងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើក តាមការកំណត់នោះឡើយ ។ ហើយពាក្យបណ្តឹងនោះសមត្តកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ ។
ពាក់ព័ន្ធករណី ឆបោក លុយប្រជាពលរដ្ឋឆៅៗបែបនេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣ អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេ នាពេលនេះ ព្រោះគ្មានទូរស័ព្ទមិនអាចទំនាក់ទំនងសុំការបំភ្លឺបាន នៅរសៀសថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ប៉ុន្តែលោកឧត្តមសេនីយ៍ឯក អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះបាន បញ្ជាក់ថា, ពាក់ព័ន្ធឈ្មោះខាងលើនេះ ត្រូវបានថ្នាក់លើស្រាវជ្រាវ ដឹងថា, បានប្រព្រឹត្តអំពើបែបនេះជិត១០ឆ្នាំមកហើយ ដើរតែឆបោក ទើបត្រូវបានបណ្តេញចេញពីអង្គភាពយូរហើយ ។
ដើម្បីជៀសវាងការចាញ់បោកជនខិលខូច សូមមេត្តាបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន តាមដានព័ត៌មាន ពិត ដែលមានវិជ្ជាជីវៈ ហើយប្រមូលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ ការពារបាត់បង់ផលប្រយោជន៍ ដោយជនខិលខូច៕
ដោយ ៖ សុខ ខេមរា