ខ្សែការពារ Reece James របស់ក្លិបតោខៀវ Chelsea នឹងអវត្តមានក្នុងយុទ្ធនាការប្រកួតពានរង្វាន់ Club World Cup របស់ក្រុមChelseaដោយសារគាត់មិនទាន់បានជាសះស្បើយពីរបួសសរសៃពួរ។ នេះបើតាមអ្នកចាត់ការ Thomas Tuchel បានបញ្ជាក់កាលពីថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានអវត្តមានពីការប្រកួតចាប់តាំងពីរបួសក្នុងការប្រកួតដែល Chelsea ស្មើ ១-១ ក្នុងក្របខ័ណ្ឌ Premier League ជាមួយក្រុម Brighton នៅ Stamford Bridge កាលពីថ្ងៃទី២៩ ខែធ្នូ។
ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi បន្ទាប់ពីការប្រកួតជុំទី៤ FA Cup កាលពីថ្ងៃសៅរ៍ជាមួយ Plymouth ដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Club World Cup របស់ពួកគេនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ។
លោក Tuchel បាននិយាយថា “Reece មិនទាន់ចូលហ្វឹកហាត់ជាក្រុមនៅឡើយទេ ដូច្នេះគាត់មិនមានវត្តមាននៅចុងសប្តាហ៍នេះទេ ហើយគាត់នឹងមិនធ្វើដំណើរជាមួយយើងទៅ Abu Dhabi ទេព្រោះគាត់មិនត្រឡប់មកហ្វឹកហាត់ជាក្រុមវិញដោយសារបញ្ហារបួសមិនទាន់ជា”។
គ្រូបង្វឹក Chelsea បានបន្តថា “គាត់មានបទពិសោធន៍ក្នុងការប្រកួតដោយកំណត់កាលបរិច្ឆេទថាតើកីឡាករនឹងត្រឡប់មកវិញនៅពេលណា។ការធ្វើរោគវិនិច្ឆ័យភ្លាមៗថា វាជារបួសដ៏ធំមួយដែលយើងត្រូវអត់ធ្មត់។ វាជាសរសៃពួរ ហើយគាត់ជាកីឡាករដែលមានកាយសម្បទារឹងមាំ។ជាអកុសល បន្ទាប់មកគាត់បានឆ្លងជំងឺគ្រុនផ្តាសាយ ហើយនោះជាការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃដំណើរការរបស់គាត់ក្នុងការត្រឡប់មកក្រុមវិញ”។
ចំណែកកីឡាករ Ruben Loftus-Cheek បានអវត្តមានក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ដែរដោយសារតែរបួស ខណៈ Christian Pulisic និង Thiago Silva មិនអាចលេងបានបន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិ។
ក្រុម Chelsea មិនអាចនាំយកខ្សែការពារស្លាបក្នុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីរបួសជង្គង់បញ្ចប់រដូវកាលរបស់ Ben Chilwell និង James បន្តមានបញ្ហាសរសៃពួរ។ កីឡាករប្រេស៊ីល Kenedy ត្រូវបានកោះហៅមកវិញពីការខ្ចីជើងនៅក្លិប Flamengo បន្ទាប់ពី Chelsea មិនអាចនាំយក Emerson Palmieri មកវិញពីការខ្ចីជើងនៅ Lyon ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)