ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនបាន

ចែករំលែក៖

    ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសរងគ្រោះដែលកំពុងជិះម៉ូតូ។

   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃរសៀលទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ211Eoផ្លូវលេខ២១៧ កែងផ្លូវលេខ១៣៩ ភូមិ៥ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

   នគរបាលបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ មាឃ សុវណ្ណារ៉ាត់  ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡានមានទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិចម្ការចេក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទី២-ឈ្មោះ ថន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦  សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ចំណែកជនរងគ្រោះមានឈ្មោះ ធី សុខហេង  ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៨៣Eo ផ្លូវ កែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

   តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចភ្លើងស្តុបកែងផ្លូវលេខ១៣៩ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IM- 2165 មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក Iphone 11 pro max ពីបុរសរងគ្រោះដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទបានសម្រេច ក៏ប៉ុន្តែរត់គេចខ្លួនមិនរួចត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួនបានភ្លាមៗតែម្ដង។

   បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

ចំណែកវត្ថុតាងត្រូវបាននគរបាលប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖