ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន ៤នាក់ទៀត ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទេីបទទួលបាននៅរសៀលថ្ងៃអាទិត្យទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ មនុស្ស ៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ៖ ទី១ឈ្មោះ ម៉េង កាក់នីកា ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ,ទី២ ឈ្មោះ អេង ស្រីបូ ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩៩៤ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ,ទី៣ ឈ្មោះ អ៊ុក សុភ័ក្រ ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤៩E3 ផ្លូវលេខ៣០១ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, និងទី៤ឈ្មោះ ខេង ចិន្ថា ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវលេខ១២៥ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
ចំពោះការឃាត់ខ្លួនបុគ្គលទាំង ៤នាក់នេះ គឺយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តនីតិវិធី៕
ដោយ៖ស តារា