ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនពេកទៅបុកទ្រូងផ្លូវនិងរថយន្តពីរគ្រឿងហើយចុងក្រោយទៅបុករបងផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿនទៅបុកទ្រូងផ្លូវហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តតូយ៉ូតាកាមរីពីក្រោយប៉ើងទៅបុករថយន្តកូរ៉េ និងបុកចូលរបងផ្ទះប្រជាពលរដ្ឋជាចុងក្រោយ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង ២០នាទីយប់ថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7389 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកបេនលី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-2555 តាមបណ្តោយផ្លូវលេខ៥៩៨ ស្របទិសគ្នាយ៉ាងលឿនហើយបានបួងចង្កូតទៅប៉ះទ្រូងផ្លូវ ប៉ុន្តែរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តតូយ៉ូតាកាមរីពីក្រោយប៉ើងទៅបុករថយន្តកូរ៉េ និងបុកចូលរបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖