ខេត្តបន្ទាយមានជ័យ ៖ មនុស្សចំនួន០២នាក់បានបាត់បង់ជីវិត និងក្មេងប្រុស-ស្រីចំនួន០២នាក់ រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកប៉ះជាមួយម៉ូតូ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី ០៦ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ក្នុងទីប្រជុំជន ត្រង់ចំណុច លើស្ពានសាលាក្រៅ ឋិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ១-/ ឈ្មោះ ឌិន វ៉ា ភេទប្រុសអាយុ៥៣ ឆ្នាំ អ្នកបើកបរម៉ូតូ ,២/-ឈ្មោះ បូ សម្បិត្ត ភេទប្រុស អាយុ៣០ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នករួមដំណើរ,៣/-ឈ្មោះ ប៉ាន់ វ៉ាន់ណៃ ភេទស្រីអាយុ០៧ឆ្នាំ រងរបួសធ្ងន់ អ្នករួមដំណើរ,៤/- ប៉ាន់ វ៉ាន់ណយ ភេទប្រុសអាយុ ០២ឆ្នាំ អ្នករួមដំណើរ ជនរងគ្រោះទាំង០៤នាក់ នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។
លោក សួន នីប៉ូ នាយរងការិយាល័យ នរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូ ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ-1T-8051 ក្នុងទិសដៅកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាង លើស្ពានសាលាក្រៅ ឋិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត អ្នកបើកបរម៉ូតូបានប្តូរគន្លងទិសបត់ឆ្វេងមិនបានប្រយ័ត្ន ស្របពេលនោះមានរថយន្តម៉ាកTOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-9960 បើកមកពីក្រោយក្នុងល្បឿនលឿនស្របទិសគ្នា បានបុកប៉ះ បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ០១នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរក្មេងប្រុសស្រី០២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តនគរបាលចរាចរណ៍ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះទាំង០២នាក់ បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តនិងម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
ដោយ ៖ វណ្ណា