ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅកាន់សាលាដំបូង ពីបទជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀន ជាង ១ គីឡូក្រាម រួចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។

សូមរលឹកថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ(ក៣) ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបនៅចំណុចបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះវេលាម៉ោង១៩:៣០នាទី និងបន្តឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ជាលទ្ធផល:

 ក-ឃាត់ខ្លួនជនសង្ស័យ០២នាក់:

  ១-ឈ្មោះ វ៉ែន សំណាងរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម។

  ២-ឈ្មោះ ឯល អាត់ទរី ភេទ ស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម។ 

 ខ-វត្ថុតាងចាប់យកបាន:

   -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១ គ.ក្រ ៣០១,៩៩ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖