ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីស្សាន់មួយគ្រឿងបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តNISSANមួយគ្រឿងរួមដំណេីរជាមួយមនុស្សប្រុសស្រីមួយក្រុម ហើយសង្ស័យថាអ្នកបើកស្រវឹងស្រាខ្លាំងទើបបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកចូលផ្ទះថតរូបនិងបោះពុម្ពបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៥៩ ផ្លូវលេខ២០០៥ បុរីហាយលែន ក្រុមទី១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីបុរសជាម្ចាស់ផ្ទះកើតហេតុខាងលើដែលបានឆែកមើលកាមេរ៉ាសុវត្ថិភាពបានឱ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមប្រមាណជា៦នាក់ ប្រុស២នាក់ ស្រី៤នាក់ជិះរថយន្តNISSANមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-8617 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកស្រវឹងស្រាបានរេចង្កូតមកខាងឆ្វេងដៃបុកចូលផ្ទះគាត់ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតនិងបែកបាក់សម្ភាររាយប៉ាយ យ៉ាងដំណំ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច។ បន្ទាប់មកគេឃើញអ្នករួមដំណើរនិងអ្នកបើកបរស្រវេស្រវា បើកទ្វាររថយន្តចេញមកក្រៅ រួចបាននាំគ្នាគេចខ្លួនចេញពីកន្លែងកន្លែងបាត់អស់ទៅ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កហេតុទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖