ភ្នំពេញ ៖ នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនៅដំណាច់ខែមីនា ឆ្នាំ២០២២ ខាងមុខ សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៦:៣០ នាទី នៅ Aquation Park (កោះពេជ្រ)។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនៅដំណាច់ខែមីនា ឆ្នាំ២០២២ ខាងមុខ សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នឹង ប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៦:៣០ នាទី នៅ Aquation Park (កោះពេជ្រ)។ សិក្ខាសាលានេះនឹងរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកសម្របសម្រួលជាតិកម្ពុជាអម អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសាធារណៈកម្ពុជា និង តំណាងសភាពាណិជ្ជកម្មនានា ព្រមទាំងប្រធាន និងតំណាងក្រុមហ៊ុនកម្ពុជាដែលបានចុះឈ្មោះចូលរួមក្នុង បេសកកម្ម MECA នេះ។ លោក Chékou OUSSOUMAN តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់កិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅប្រទេសកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ គឺជាដំណាក់កាលចុងក្រោយ មុនបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ជំនួបលើកនេះជាឱកាសដើម្បីពិភាក្សាអំពីបញ្ហាភស្តុភារពាក់ព័ន្ធនឹងការរៀបចំបេសកកម្ម MECA និងការ រំពឹងចង់បានរបស់ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអន្តរជាតិ ជាពិសេសទាក់ទងនឹងទស្សនកិច្ចតាមសហគ្រាស។ ម្យ៉ាងវិញទៀត សិក្ខាសាលានេះក៏នឹងជាឱកាសនៃជំនួបធុរកិច្ចនិងធុរកិច្ច (B2B) ផងដែរ។ កម្មវិធី Cocktail មួយនឹងរៀបចំឡើងដើម្បីជាកិត្តិយសសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីបិទបញ្ចប់សិក្ខាសាលានេះ។
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយអគ្គលេខាធិការអង្គការ OIF មានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិកអង្គការ OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ ប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥រូប មកពីគ្រប់ទ្វីបទាំងអស់ នឹងធ្វើដំណើរមក ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលនៅទីនោះ ប្រតិបត្តិករសេដ្ឋកិច្ច និងប្រធានសហគ្រាសជាង ២៥០រូប រង់ចាំទទួលស្វាគមន៍ពួកគេ។ បេសកកម្ម MECA នេះនឹងចាប់ផ្តើមដំបូងនៅទីក្រុងហូជីមិញ បន្ទាប់ មកនៅទីក្រុងហាណូយ មុននឹងបញ្ចប់នៅរាជធានីភ្នំពេញ៕
ដោយ ៖ សិលា