ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅថ្ងៃអង្គារទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ស្រុកព្រះស្តេច និងស្រុកបាភ្នំ ខេត្តព្រៃវែង និងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាក់ស្ដែងមន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខាងលើ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន១០ បន្ថែមទៀត ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងដែលបានត្រួតពិនិត្យចំនួន២៦។
ដោយឡែកចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕
ដោយ៖សហការី