ខេត្តបន្ទាយមានជ័យ៖ ផ្ទះ០១ខ្នងនិងជង្រុកស្រូវ០១ខ្នង បានក្លាយជាចំណីអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ ហើយ ហឿន ភេទ ប្រុស អាយុ ៤០ឆ្នាំនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ពីរនាក់ប្តីប្រពន្ធទៅធ្វើការនៅប្រទេសថៃ ដោយទុកផ្ទះឲ្យកូនប្រុសឈ្មោះ ភា សុខផន អាយុ១៥ឆ្នាំ នៅចាំផ្ទះម្នាក់ឯង ហើយទៅរៀននៅអនុវិទ្យាល័យតាយឹងព្រៃវែងបាត់ដោយដោតកង្ហារនិងឆ្នាំងសាកទូរស័ព្ទ ទុកនឹងព្រឺភ្លើងចោល មិនបានដកចេញបណ្តាលឲ្យទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះទាំងស្រុង ០១ខ្នងទំហំ ៦ម៉ែត្រ×៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីបន្ទាប់មកបានឆ្លងរាលដាលឆេះជង្រុកស្រូវ០១ខ្នងឆេះទាំងស្រុងទំហំ៤ម៉ែត្រ×៣ម៉ែត្រ រួមទាំងឈើដែលទុកនៅក្រោមផ្ទះចំនួន០៣ម៉ែត្រគីប និងសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរ ។
នគរបាលបានបញ្ជាក់ថា៖ក្រោយកើតមានហេតុការណ៍ភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង បានចេញប្រតិបត្តិការអន្តរាគមន៍ ដើម្បីជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន មិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនិងមិនមានអ្នករងរបួសមនុស្សនោះឡើយ ៕
ដោយ ៖ វណ្ណា