ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីមានមនុស្សធ្វើអត្តឃាតចង.ក ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ប៉ុន្តែគេមិនទម្លាយអាថ៌កំបាំងបញ្ហាអ្វីឲ្យបានច្បាស់លាស់នោះទេ តើជនរងគ្រោះសម្រេចចិត្តធ្វើបែបនេះមូលហេតុអ្វី ? ករណីនេះមានមតិរិះគន់ និងមានចម្ងល់ជាច្រើន ថែមទាំងស្នើសុំមន្ត្រីប្រព័ន្ធតុលាការបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងមានតម្លាភាព ជៀសវាងជនរងគ្រោះ(ស្លាប់)ទាំងអយុត្តិធម៌ ។
ជនរងគ្រោះ(ស្លាប់)ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ វីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានកមម្ពស់១.៦៥ម៉ែត្រ សម្បុរខ្មៅស្រអែម សក់ខ្លី ស្លៀកខោជើងខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ សពមានសភាពរឹងគ្រប់សន្លាក់ អាចស្លាប់លើសពី២ម៉ោងខណៈយកកន្សែងពណ៌ក្រហម ចង.កព្យួរទៅប្រហោងឥដ្ឋខ្យល់ជញ្ជាំងក្នុងបន្ទប់ទឹកក្នុងកន្លែងឃុំឃាំង សពត្រូវបានកម្លាំងជំនាញចម្រុះប្រគល់លោក ផាន់ សុភារី មន្ត្រីបរិស្ថានមានមុខងារ នាយកដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីចាត់ចែងបន្តនីតិវិធី ។
ទោះយ៉ាងក្ដី សពជនរងគ្រោះគេមិនបង្ហាញអាស័យដ្ឋាននោះទេ នេះបើយោងការបង្ហើបប្រាប់ពីកម្លាំងចម្រុះចុះពិនិត្យផ្ទាល់ ។
ពាក់ព័ន្ធករណីមានមនុស្សស្លាប់ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នេះ អ្នកកាសែតមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)សុំការពន្យល់ខ្លះៗពី លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមរយៈប្រព័ន្ធ(តេឡេក្រាម)ពុំបានទេ ខណៈលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរចូលមើលប៉ុន្តែពុំឆ្លើយតប ។
ដោយឡែកៈ ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកវាលវែងបានឲ្យដឹងខ្លះៗថា មិនបានដឹងទេ! ព្រោះមន្រ្តីជំនាញបរិស្ថានមិនសហការឬរាយការណ៍នោះទេ ទើបតែថ្ងៃនេះមានការភ្ញាក់ផ្អើលបន្ទាប់ទទួលព័ត៌មានជនរងគ្រោះស្លាប់ទៅហើយ បច្ចុប្បន្ន សព(ចាន់ វីត)តម្កល់ធ្វើបុណ្យនៅលំនៅដ្ឋាន ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព័ត៌មានតៗគ្នាថា ជនរងគ្រោះ(ចាន់ វីត)ទៅស៊ីឈ្នួលកាប់ព្រៃឲ្យគេ នៅឃុំអូរសោម ស្រុកវាលវែង ក៏ត្រូវមន្រ្តីបរិស្ថានចាប់ខ្លួន ៕
ដោយ៖ បុឹម ពិន