ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសង្វេគណាស់!! បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឈប់ភ្លើងស្តុបពីក្រោយបោកក្បាលស្លាប់ចោលប្រពន្ធនិងកូន

ចែករំលែក៖

    ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ​ធ្វេីឲ្យបុរសម្នាក់បែកក្បាល​និងបាក់កស្លាប់ចោលប្រពន្ធនិងកូនឱ្យនៅកំព្រា​ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះវិញក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយពីក្រោយដែលកំពុងតែឈប់ភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលា​ម៉ោង​៩យប់​ និង២០នាទីយប់ថ្ងៃអង្គារទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ស្ថិតនៅចំណុចភ្លើងស្តុប​វត្ត​ស្លែង​ តាមបណ្ដោយផ្លូវ​ជាតិ​លេខ​៣​ ក្នុងភូមិ​វត្ត​ស្លែង​ សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​   

    សព​ជនរងគ្រោះ​ មានឈ្មោះ​ ម៉ៅ​ ចិត្ត​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មេជាង​ជួសជុល​រថយន្ត​ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​បឹង​ធំ​ សង្កាត់​ប្រទះ​ឡាង​ ខណ្ឌ​ដង្កោ​ មាន​ស្រុក​កំណើត​នៅភូមិ​កណ្ដាលកេីប​  ឃុំ​រលាំង​គ្រេីល​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរី​ឆ្នាំ​ ២០១៩​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HI-3293 ។ 

    ដោយ​ឡែក​អ្នក​បេីក​បរ​រថយន្ត​វិញ​មានឈ្មោះ​ ហ៊ុយ​ ឡេង​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ មុខរបរ​បេីក​បរ​រថយន្ត​ មាន​ស្រុក​កំណើត​នៅខេត្ត​ព្រះ​សីហនុ ជា​អ្នក​បេីក​ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ទឹក​ប៊ិក ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 2A-8056។ 

    បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បេីក​រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​ទំនិញ​ចំណុះ១តោន​កន្លះ​ ពណ៌ទឹក​ប៊ិក ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ​ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុចកេីតហេតុ​ក៏ឈប់​រង់ចាំ​ភ្លេីង​ពណ៌ខៀវ គាប់​ជួន​ពេល​នោះ​ស្រាប់​តែ​មានបុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរី​ឆ្នាំ​២០២១​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរ​មកពីក្រោយក្នុងល្បឿនលឿនបានជ្រុល​ទៅ​បុក​គូទរថយន្ត​ពី​ក្រោយ​ដែលកំពុងតែឈប់ភ្លើងស្តុបពេញ​ទំហឹង​ បណ្តាល​ឱ្យបោកបែក​ក្បាល​ និង​បាក់​ក​ស្លាប់​ភ្លាមៗនៅ​កន្លែង​កើត​ហេតុ​តែម្តង ។ 

  ដោយ​ឡែក​ខាង​រថយន្ត​វិញ​បានវៀចកាងផែ្នក​ខាង​ក្រោយ​បន្តិចបន្តួច ហេីយអ្នក​បេីក​បរ​ក៏ត្រូវ​សមត្ថកិច្ច​ដែលយាមគោលដៅឃាត់​ខ្លួនទុករង់ចាំប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីផងដែរ​ ។ 

  ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​បាន​ធ្វើ​ការទាក់ទង​ទៅក្រុមគ្រួសារសាច់ញាតិសពឱ្យមកកន្លែង​កេីតហេតុ​ដេីម្បីទទួលសពយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ តែអ្វីដែលឃេីញជាក់ស្ដែងនោះគឺ​ពេលប្រពន្ធ​និងក្រុមគ្រួសារមកដល់ឃេីញសពជនរងគ្រោះហេីយក៏ស្រែកទ្រហោយំ​បោកខ្លួនរហូតដល់សន្លប់បាត់ស្មារតី​ ។ បន្ទាប់មកទេីបសមត្ថកិច្ច​ជំនាញធ្វើ​លិខិត​ប្រគល់​សព​ឱ្យទៅសាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ រីឯម៉ូតូ​និង​រថយន្ត​រួម​ទាំង​អ្នក​បេីក​បរ​ ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​វាស់​វែងនិងយកទៅ​ការិយាល័យ​​ចរាចរណ៍ផ្លូវគោក​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​រង់ចាំដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖