ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរប្លន់ម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចស្រុកបសេដ្ឋ ខណៈដែលជនសង្ស័យជាចោរប្លន់រូបនោះប្រើល្បិចហៅម៉ូតូឌុបជិះដោយឱ្យតម្លៃខ្ពស់។ លុះធ្វើដំណើរដល់កន្លែងស្ងាត់ជនសង្ស័យបានយកដែកស្រួចចាក់ម្ចាស់ម៉ូតូពីក្រោយបណ្តាលឱ្យរងរបួស ហើយដណ្តើមយកម៉ូតូ ប៉ុន្តែមិនបានសម្រេច ដោយប្រជាពលរដ្ឋឃើញហេតុការណ៍ទាន់ចូលទៅជួយធ្វើអន្តរាគមន៍។
ហេតុការណ៍ប្រជាពលរដ្ឋឃាត់ជនសង្ស័យជាចោរប្លន់ប្រគល់ឱ្យសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នៅចណុចផ្លូវលំក្នុងភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍ថា នៅមុនពេលកើតហេតុ មានករណីចោរប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខកំពង់ស្ពឺ1U.1209 តែប្លន់មិនបានសម្រេចឡើយ ព្រោះប្រជាពលរដ្ឋចូលទៅជួយជនរងគ្រោះទាន់ពេល។
ប្រភពបានបន្តទៀតថា ហេតុការណ៍ខាងលើជនរងគ្រោះឈ្មោះ មុិញ សារឹន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីម្ចាស់ម៉ូតូរងគ្រោះថា នៅវេលាម៉ោងប្រហែ១០ព្រឹក រូបគាត់បានអង្គុយលើម៉ូតូរង់ចាំម៉ូយហៅជិះនៅចំណុចភូមិខោក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពេលនោះស្រាប់តែមានយុវជនម្នាក់(ជនសង្ស័យជាចោរប្លន់) ឈ្មោះសុិន ខេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមកឱ្យរូបគាត់ឌុបទៅផ្ទះដោយឱ្យតម្លៃ៦ម៉ឺនរៀល។ ពេលនោះគាត់ក៏យល់ព្រមតាមតម្លៃខាងលើ ហើយក៏ឌុបជនសង្ស័យចេញទៅគោលដៅ។ ពេលជិះមកដល់កន្លែងកើតហេតុខាងលើឈ្មោះសុិន ខេង បានយកដែកស្រួចចាក់ខ្នងគាត់ធ្វើឱ្យគាត់បើកម៉ូតូធ្លាក់ផ្លូវចូលស្រែ។ បន្ទាប់មកជនសង្ស័យបានយកដែកស្រួចចាក់រូបគាត់ត្រូវបំពង់កពីរកន្លែងទៀត។ ភ្លាមៗនោះមានប្រជាពលរដ្ឋឃើញក៏បានស្រែកឆោឡោហើយនាំគ្នាដេញតាមរហូតដល់ឃាត់ជនសង្ស័យជាចោរប្លន់បានប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយមុខសញ្ញាខាងលើសមត្ថកិច្ចដឹកយកទៅអធិការដ្ឋាននគរបានបសេដ្ឋដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា