សមាគមកីឡាបាល់ទាត់ចក្រភពអង់គ្លេស និងសមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់បានព្រមព្រៀងគ្នាមិនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០។ ជំនួសមកវិញពួកគេនឹងផ្តោតលើការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍យូរ៉ូ (Euro 2028)។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តចំណាយ២.៨លានផោនក្នុងការសិក្សាលទ្ធភាពក្នុងការដេញថ្លៃនេះ។
ប្រធានគណៈកម្មាធិការឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (DCMS) លោក Julian Knight ធ្លាប់បានពណ៌នាការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup នាពេលខាងមុខថាជា គម្រោងឥតប្រយោជន៍ដ៏ធំសម្បើម និងមានតម្លៃថ្លៃ។ លោក Julian Knight បន្តថា “វាមិនអាចទទួលយកបានទេដែលប្រាក់ចំនួន២.៨លានផោននៅក្នុងអ្នកបង់ពន្ធត្រូវបានខ្ជះខ្ជាយលើសុបិនមួយដែលត្រូវបានវិនាសយ៉ាងច្បាស់តាំងពីដំបូង។ បាល់ទាត់នៅចក្រភពអង់គ្លេសត្រូវការកេរ្តិ៍ឈ្មោះរបស់ខ្លួននៅផ្ទះមុនពេលយើងអាចទៅប្រកួតដ៏ធំបំផុត”។
ការសិក្សាលទ្ធភាពរួមបញ្ចូលការវិភាគអំពីផលប៉ះពាល់សេដ្ឋកិច្ច ទិដ្ឋភាពបាល់ទាត់នយោបាយ និងការចំណាយទំនងនៃការធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិសំខាន់ៗ។ បន្ទាប់ពីការសិក្សា សមាគមបាល់ទាត់នៃសាធារណរដ្ឋអៀរឡង់ អង់គ្លេស អៀរឡង់ខាងជើង វែល និងស្កុតឡែន នឹងផ្តោតលើការដេញថ្លៃជាផ្លូវការដើម្បីធ្វើជាម្ចាស់ផ្ទះ UEFA Euro 2028 វិញ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការធ្វើជាម្ចាស់ផ្ទះ Euro ផ្តល់នូវការត្រឡប់មកវិញលើការវិនិយោគស្រដៀងគ្នា ដោយការប្រកួតនៅអឺរ៉ុបមានថ្លៃដឹកជញ្ជូនទាបជាង ហើយសក្តានុពលនៃអត្ថប្រយោជន៍នឹងត្រូវបានដឹងកាន់តែឆាប់។ វានឹងជាកិត្តិយស និងឯកសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរួម Euro 2028 និងស្វាគមន៍អឺរ៉ុបទាំងអស់។ វាក៏នឹងក្លាយជាឱកាសដ៏អស្ចារ្យមួយដើម្បីបង្ហាញពីឥទ្ធិពលពិតនៃការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់លំដាប់ពិភពលោក ដោយជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងបន្សល់ទុកនូវកេរដំណែលយូរអង្វែងនៅទូទាំងសហគមន៍របស់យើង។
រដ្ឋាភិបាលចក្រភពអង់គ្លេសធ្លាប់បាននិយាយថា ខ្លួននឹងវិនិយោគ៥៥០លានផោននៅក្នុងបាល់ទាត់មូលដ្ឋាន ប្រសិនបើការដេញថ្លៃឆ្នាំ២០៣០ទទួលបានជោគជ័យ ដោយនាយករដ្ឋមន្ត្រីលោកBoris Johnson សង្ឃឹមថា នឹងផ្លាស់ប្តូរជីវិតជាមួយនឹងកេរដំណែលដើម្បីផ្គូរផ្គងកីឡាអូឡាំពិកឆ្នាំ២០១២។ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនគាំទ្រការសម្រេចចិត្តរបស់សមាគមបាល់ទាត់ទាំង៥ ហើយនៅតែចង់នាំយកការប្រកួតបាល់ទាត់ពិភពលោកទៅកាន់ចក្រភពអង់គ្លេស និងអៀរឡង់ នៅពេលដែលពេលវេលាសមស្រប ។
ប្រទេសអង់គ្លេសបានបរាជ័យជាមួយនឹងការដេញថ្លៃដែលនាំមុខដោយអតីតប្រធានក្រុម David Beckham ព្រះអង្គម្ចាស់ William និងអតីតនាយករដ្ឋមន្ត្រី David Cameron ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ដែលត្រូវបានរៀបចំឡើងក្នុងប្រទេសរុស្ស៊ី។
លោក Mark Bullingham នាយកប្រតិបត្តិនៃ FA អង់គ្លេសបានកំណត់ការដេញថ្លៃទាំង២ថា ជាឱកាសដ៏អស្ចារ្យ ប៉ុន្តែបាននិយាយបន្ទាប់ពីវាយតម្លៃការឈ្នះ ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីដេញថ្លៃ Euro 2028 ។ លោកបន្ថែមថា វាក៏មានភាពមិនប្រាកដប្រជា ជុំវិញការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខផងដែរ ដែលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA បានស្នើឱ្យរៀបចំការប្រកួតរៀងរាល់២ឆ្នាំម្តង ដែលជាផ្នែកនៃប្រតិទិនដែលបានកែលម្អ។
ប្រធាន FA នៃប្រទេសវែលលោក Stephen Williams ក៏បាននិយាយផងដែរថា ផលប៉ះពាល់នៃការដេញថ្លៃដ៏ជោគជ័យមួយសម្រាប់ប្រទេសវែលគឺមិនអាចវាស់វែងបាន ហើយនឹងបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏យូរអង្វែង។ សមាគមទាំងអស់បានអះអាងថា ពួកគេនឹងបន្ត “សហការ”ជាមួយដៃគូរដ្ឋាភិបាលអំពីជំហានបន្ទាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)