ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅយប់ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អ៊ីវ ថាវី នាយករងរដ្ឋបាលខណ្ឌចំការមន បានចុះណែនាំដល់ម្ចាស់ភោជនីយដ្ឋាន ចំនួន ០៩ភោជនីយដ្ឋាន ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក អោយអនុវត្តតាមសេចក្ដីណែនាំលេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, រដ្ឋបាលសង្កាត់ទួលទំពូងទី១-សង្កាត់បឹងត្របែក,ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី១-បឹងត្របែក និងមន្ត្រីពាក់ព័ន្ធ។
ជាមួយគ្នានោះផងដែរ រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មទាំងអស់ ចូលរួមពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង នៅតាមទីតាំងរបស់ខ្លួន ដោយត្រូវដាក់ម៉ាស៊ីនវាស់កម្ដៅ ទឹកអាល់កុល និងរៀបចំទីតាំងអោយមានការរក្សគម្លាតពីគ្នា៕
ដោយ៖ស តារា