ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ នៅថ្ងៃព្រឹកនេះ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាតមីនខេត្តកំពង់ឆ្នាំង មកពិភាក្សាគ្នាជាក់ស្តែងជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន(JICA) ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតំរូវការនិងរូបរាងអាគារផេ្សងៗដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំងនិងខេត្តសៀមរាប។
អគ្គនាយកស៉ីម៉ាក់រូបនេះ បានថ្លែងបន្តថា ចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលេីពិភពលោក មិនមែនសំរាប់ធ្វេីឱ្យផ្ទុះស្លាប់មនុស្សនោះទេ តែសំរាប់បង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកសន្តិភាព បានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សច្រេីនជាងគេលេីលោក មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡេីយនៅចុងឆ្នាំ២០២៥ និងបន្សល់ទុកតែអាគាររាងគ្រាប់មីនធំបំផុតដេីម្បីយុវជនជំនាន់ក្រោយៗទៀតស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា ។
ដូចនេះកុំឱ្យក្រុមវិស្វករជប៉ុនពិបាកយល់ពីទ្រង់ទ្រាយសំណង់ មានតែយកគ្រាប់មីនមែនទែនមកបង្ហាញតែម្តង! ។ មុនដំបូងក្រុមវិស្វករជប៉ុនប្រុងរត់ដែរ តែខ្ញុំបានពន្យល់ថា គ្រាប់មីននេះដោះបន្សាបរួចហេីយនិងសំរាប់ទុកឱ្យហ្វឹកហ្វឺនប៉ុណ្ណោះ ទេីបពួកគាត់ព្រមអង្គុយពិភាក្សាគ្នាធម្មតាវិញ (និយាយលេងទេ! )៕
ដោយ៖ស តារា