ភ្នំពេញ ៖ បុរសម្នាក់បានដឹកជនជាតិចិន៣នាក់ ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ ក្នុងចំណោម៣នាក់នោះ បានខ្យល់.គស្លាប់នៅលើម៉ូតូកង់បីឥណ្ឌាតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចទល់មុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសជនជាតិចិនរងគ្រោះខាងលើ មានអាយុ២៣ឆ្នាំ រីឯ២នាក់ទៀតដែលនៅរស់ គឺជាមិត្តភក្តិរបស់ពួកគេ ដែលមានអាយុស្រករៗគ្នា ។
តាមការប្រភពពីបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១០ ខែកុម្ភៈនេះ ពួកគេបានហៅម៉ូតូកង់បីរបស់ខ្លួនជិះ ដោយពេលនោះបុរសជាជាតិចិនទាំង២នាក់បានគ្រាបុរសជនជាតិចិនរងគ្រោះឡើងម៉ូតូកង់បី ដោយបុរសជាម្ចាស់ម៉ូតូកង់បីគិតថា ទំនងជាជនរងគ្រោះស្រវឹង ឬខ្លាចមានបញ្ហាអ្វីផ្សេង គឺបុរសម្ចាស់ម៉ូតូកង់បីបានបដិសេធមិនព្រមដឹកបុរសជនជាតិចិនទាំង៣នាក់នោះទេ ប៉ុន្តែត្រូវបានបុរសចិនខាងលើ បដិសេធមិនព្រមចុះពីលើម៉ូតូកង់បីដូចគ្នា ហើយនិយាយជាភាសាចិនទៅកាន់បុរសជាអ្នករត់ម៉ូតូកង់បីទៀតផង ។
ប្រភពដដែលបន្តថា ដោយសារតែស្តាប់ភាសាចិនមិនបានហើយនោះ បុរសជាអ្នករត់ម៉ូតូកង់បីក៏យល់ព្រមដឹក ហើយជនជាតិចិនខាងលើក៏បានហុចទូរស័ព្ទឲ្យដឹកទៅតាមផែនទី ( Location ) ដែលបានលោត ។ ពេលដឹកតាមផែនទីក្នុងទូរស័ព្ទហើយនោះ ក៏បានទៅដល់ចំណុចមុខវត្តស្ទឹងមានជ័យ ហើយពេលទៅដល់ទីនោះ បុរសរងគ្រោះដែលបាត់បង់ស្មារតីនោះក៏បានស្លាប់តែម្តង ធ្វើឲ្យបុរសជនជាតិចិនទាំង២នាក់ដែលជាមិត្តភក្តិបានឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់ទីតាំងខាងលើ និងបានដឹកសពចូលទៅក្នុងវត្តជាបណ្តោះអាសន្ន ដើម្បីរង់ចាំព្រឹកឡើងធ្វើការពិនិត្យកោសល្យវិច័យ ។
បេីតាមប្រភពដដែលបន្តទៀតថា លុះដល់វេលាព្រឹកឡើង កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យក៏បានចុះធ្វើការពិនិត្យយ៉ាងល្អិតល្អន់រួចមកឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺបេះដូង ហើយខ្យល់.គស្លាប់តែម្តង ពុំមែនជាករណីអ្វីផ្សេងឡើយ ។
សមត្ថកិច្ចខណ្ឌមានជ័យ បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរទៅលើជនជាតិចិន២នាក់ជាមិត្តភក្តិតាមរយៈការជួយបកប្រែភាសាផង បានឆ្លើយបំភ្លឺថា នៅមុនកើតហេតុ ជនរងគ្រោះមានអាការៈចុកឆ្អល់ និងថប់ៗដង្ហើម ហើយក៏បានឲ្យពួកគេទាំង២នាក់ជួយជូនទៅពេទ្យ លុះពេលកំពុងធ្វើដំណើរនៅលើម៉ូតូកង់បីនោះ ក៏ស្រាប់តែដាច់ខ្យល់ស្លាប់តែម្តង ។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិដេីម្បីទទួលយកទៅធ្វើបុណ្យ ។ ចំណែកឯមិត្តភក្តិរបស់គេទាំង២នាក់ និងបុរសជាម្ចាស់ម៉ូតូកង់បី ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ព្រោះពុំមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះឡើយ ៕
ដោយ ៖ ភារ៉ា ដង្កោ