ភ្នំពេញ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាង សម្តេចតេជោនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ភោធសមិទ្ធផលនៅខេត្តត្បូងឃ្មំ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា, លោកបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានប្រសាសន៍ថា, ទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវ សម័យសង្រ្គាម ក្នុងនោះទីធ្លា អារាម ទាំង មូលបានក្លាយទៅជាទីលានកប់សព ហើយ ហេដ្ឋារចនា សម្ព័ន្ធ ស្ទើតែ ទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ ធ្វើជី និង ជាកន្លែងចិញ្ចឹមសត្វ ផ្សេងៗ ។ ប៉ុន្តែ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណ បក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើ គ្រប់វិស័យរួមមានជាអាទិ៍ ការ គោរព ប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយ ពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព បានខ្ព ង់ ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីក ដុះ ដាល ដូចផ្សិត ហើយកម្ពុជា ជាប្រទេស អធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក។
លោកបណ្ឌិតថ្លែងបន្តថា, ក្រៅពីនេះ ក្នុងបរិបទកូវីដ-១៩ ពិធីសម្ពោធនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបាន គឺដោយសារស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើងមានភាពធូរស្រាល ដែលការណ៍នេះមិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយ ការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យ សម្រេចអារកាត់រហ័ស ទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការព្យាបាល ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ លើសពីនេះទៀត ក៏ដោយសារការរួមដៃគ្នាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ដោយធ្វើការស្រុះគ្នា មិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ព្រមទាំងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា, ខ្ញុំសូមស្នើសុំបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ៕
ដោយ ៖ សិលា