ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់លោកស្រីឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ​នៅរសៀល​ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា និងគណប្រតិភូ។

ថ្លែងក្នុងជំនួបនោះ លោក​ទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល​ បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត និងគណៈប្រតិភូអំពីការបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយខ្លួនឯងដោយមិនពឹងលើបរទេស តម្រូវការគាំទ្រចាំបាច់លើការរៀបចំកម្មវិធីសិក្សាសម្រាប់សញ្ញាបត្រកសាងផ្លូវថ្នល់ ស្ពាន និងវិស្វកម្ម ជាពិសេសសាស្ត្រាចារ្យ និងការបង្រៀនតាមប្រព័ន្ធអនឡាញជាដើម តម្រូវការគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរ ពោលគឺ៖ ប្រភេទគ្រឿងចក្រនេះប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញសម្រាប់ការជួសជុលសាងសង់ ធ្វើឱ្យចំណេញថវិកា និងពេលវេលាផងដែរ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការគាំទ្រទាំងឡាយលើការកសាងសមត្ថភាព និងការអភិវឌ្ឍនធនធានមនុស្ស ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីក ចម្រើនថែមទៀត និងបានស្នេីឱ្យលោក​ស្រីឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពទាក់ទងនឹងការគាំទ្រវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កូនខ្មែរ ឱ្យមានសមត្ថភាពខ្លាំងពូកែ និងតម្រូវការគ្រឿងចក្រ Stabilizer សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រកបដោយប្រសិទ្ធភាព។ 

ជាការឆ្លើយតប លោកស្រី​ឯកអគ្គរដ្ឋទូត បានជម្រាបជូនថា៖ កាណាដាមានជំនាញបច្ចេកទេសគ្រប់ គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្កផល ប៉ះពាល់ដល់បរិស្ថាន (Clean Technology) និងបានស្នើឱ្យក្រសួងកំណត់នូវវិស័យនានា ដែលជាតម្រូវការចាំបាច់ និងអាទិភាពរបស់ខ្លួនសម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ។ 

បន្ថែមពីលើនេះ លោកស្រី​បណ្ឌិត បានលើកឡើងផងដែរអំពីការផ្តល់អាហារូបករណ៍របស់កាណាដាជូន ដល់បណ្ដាប្រទេសអាស៊ានទាំងអស់លើជំនាញជាច្រើនសម្រាប់ការកសាងសមត្ថភាព ការបញ្ជូនសាស្ត្រា ចារ្យមកធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់ បទពិសោធន៍ និងការអនុវត្តល្អរបស់កាណាដាទាក់ទងនឹង គោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន (PPP) សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការចរចាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា។ ជាងនេះទៅទៀត លោកជំទាវបានសង្កាត់ធ្ងន់ថា៖ កាណាដាមានជំនាញបច្ចេកទេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដោយមិនធ្វើឱ្យបរិស្ថានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឱ្យកម្ពុជាបាន ហើយកំពុងស្វែងរកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពជូនលោកជំទាវអំពីគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធ សាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖