ខេត្តតាកែវ ៖ អាជ្ញាធរឃុំត្នោតបាននិងកំពុងព្យាយាមលាក់អត្តសញ្ញាណស្រ្តីពីរនាក់ដែលជាអ្នកជំរុញឱ្យបោះបង្គោលរបងថ្មគាត់មានយកដីព្រៃលិចទឹករបស់រដ្ឋនៅឃុំត្នោតនោះ។ យ៉ាងណាក៏ដោយអ្នកភូមិខ្សឹបប្រាប់ថា អ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង រស់នៅភ្នំពេញដើរបញ្ចុះបញ្ចូលទិញដីតំបន់នោះពីប្រជាពលរដ្ឋ ។
ស្ត្រីទាំងពីរនាក់មានទំនាក់ទំនងជាមួយអាជ្ញាធរឃុំត្នោតក្នុងការរៀបផែនការឱ្យប្រជាពលរដ្ឋបោះបង្គោលថ្មនៅលើដីព្រៃរបោះលិចទឹកដោយពួកគេទាំងពីរនាក់ជាអ្នកចាំទិញពីប្រជាពលរដ្ឋនិងលក់បន្តទៅឱ្យឈ្មួញ។ប្រភពរាយការណ៍ថា ស្ត្រីទាំងពីរនាក់នេះបានបោះទុនខ្លះរួចទៅហើយឲ្យអាជ្ញាធរមូលដ្ឋាននៅឃុំត្នោតប៉ុន្តែបែរជាខកខានទៅវិញព្រោះតែអាជ្ញាធរស្រុកបាទីឃាត់ ឃាំងសកម្មភាពនេះទាន់ពេលវេលា។
បើតាមមន្ត្រីអាជ្ញាធរស្រុកបានឲ្យដឹងថា បង្គោលថ្មដែលបានដាំវាតទីយកដីលិចទឹករបស់រដ្ឋ ដោយស្ត្រីពីរនាក់បងប្អូនរស់នៅរាជធានីភ្នំពេញ ត្រូវបានលោក ភួន ឈីម អភិបាលស្រុកបាទី បញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោត ដឹកនាំកម្លាំងទៅដកចេញជាបណ្តើរៗហើយ ក្រោយម្ចាស់បង្គោលថ្មទាំង២នាក់មិនបានមកដកចេញតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ គឺច្បាប់មានតែលើក្រដាសប៉ុណ្ណោះ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានបញ្ជាក់ថា ក្រោយការជូនដំណឹងរបស់អាជ្ញាធរស្រុក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានទុករយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់បង្គោលថ្មដែលបានដាំមកដកចេញដោយខ្លួនឯង ហើយមកដល់ថ្ងៃទី១០ ខែកុម្ភៈ ម្ចាស់នៅតែមិនមកដក ទើបលោកបញ្ជាទៅរដ្ឋបាលឃុំត្នោត ដឹកនាំកម្លាំងដោយមានលោកមេភូមិ និងប្រជាការពារភូមិរំចេក ចុះដកបង្គោលថ្មដែលឈ្មួញបានដាំក្នុងដៃអូរជាដីសាធារណៈរបស់រដ្ឋ។
លោកអភិបាលស្រុកបាទីបន្តថា បង្គោលថ្មចំនួន២៩ដើម ត្រូវបានដកយកមករក្សាទុកនៅសាលាឃុំត្នោត រីឯបង្គោលថ្មជាច្រើនដើមទៀត រដ្ឋបាលឃុំនឹងដឹកនាំកម្លាំងចុះដកបន្តនៅរដូវទឹកស្រក។
ដោយឡែកអ្នកទិញ និងអ្នកលក់ ដីសាធារណៈរបស់រដ្ឋលោកអភិបាលស្រុកមិនបានបញ្ជាក់ថា តើលោកនឹងចាត់ការតាមផ្លូវច្បាប់ដែរឬទេ? ឬថា ត្រឹមដកបង្គោលថ្មដែលដាំរំលោភយកដីរដ្ឋហើយចប់ ខណៈមានទាំងលោកមេភូមិជាអ្នកចូលរួមជួយដើរវាស់ដីដាំបង្គោលថ្មឲ្យឈ្មួញដែរនោះ។ បើយោងតាមមាត្រា២៥៥ ជនណាលួចលក់ ឬបញ្ចាំទ្រព្យដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី៦ខែដល់៣ឆ្នាំ ដោយមិនគិតដល់ព្យុសនកម្ម ដែលបណ្ដាលមកពីអំពើរបស់ខ្លួន ប៉ុន្តែរឿងបែបនេះ ច្បាប់នៅតែលើក្រដាស អត់មានទោសដល់អ្នករំលោភឡើយ។
សូមរំឮកថា ចំណុចដៃអូរ ស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដីលិចទឹករបស់រដ្ឋជាង២០ហិចកតា ត្រូវបានអ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង ដើរបញ្ចុះបញ្ចូលទិញពីប្រជាពលរដ្ឋ ដោយសារពលរដ្ឋមានការខ្វះខាតក្នុងគ្រួសារផងនោះ ក៏ចាប់ផ្តើមលក់ដីលិចទឹករបស់រដ្ឋជាបន្តបន្ទាប់ រហូតមានការបោះបង្គោលវាតទីយកដូចសព្វថ្ងៃនេះទៅ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច