ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍សង្ស័យរថយន្តប៉ះនឹងម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី១០​ ខែកុម្ភៈឆ្នាំ២០២២ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសង្ស័យថារថយន្តប៉ះជាមួយម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់កាលពីវេលាម៉ោង១៧និង២៥នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    មន្រ្តីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ង្វៀង យុំាងតាន់ ភេទប្រុស អាយុ៨៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) បើកម៉ូតូម៉ាកHONDA DREAM ពណ៌ក្រហម ពាក់ផ្លាកលេខកណ្តាល1X-2534។ ចំណែកភាគីខាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-3317 បើកបរដោយឈ្មោះ អឿន ពុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-3317ខាងលើបើកបរតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង  លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ក្រហម ពាក់ផ្លាកលេខកណ្តាល1X-2534 បើកបរដោយបុរសជនជាតិវៀតណាម​ បើកឡើងពីផ្លូវ១១៦A ឡើងលើផ្លូវជាតិលេខ១ រួចក៏បានដួលធ្វើឱ្យអ្នកបើកបរម៉ូតូបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។  ភ្លាមនោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុមានការសង្ស័យថារថយន្តបានប៉ះម៉ូតូរបស់ជនរងគ្រោះក៏ឃាត់រថយន្តនិងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចដើម្បីសាកសួរ។ 

    នៅចំពោះមុខសមត្ថកិច្ចជំនាញចរាចរណ៍ អ្នកបើកបររថយន្តបានបំភ្លឺថា រថយន្តរបស់ខ្លួនបើកមកធម្មតាមិនបានប៉ះលើម៉ូតូរបស់ជនរងគ្រោះឡើយ។  ដោយយោងតាមការពិនិត្យស្លាកស្នាមលើសពជនរងគ្រោះឃើញថា មិនមានស្នាមប៉ះជាមួយរថយន្តឡើយ គឺជនរងគ្រោះបានដួលបោកផ្កាប់មុខទៅលើថ្នល់ជាតិ មិនមានស្នាមប៉ះដោយសារវត្ថុរឹង ឬបន្សល់ស្លាកស្មាមពីរថយន្តខាងលើឡើយ។

   បច្ចុប្បន្ន រថយន្តនិងអ្នកបើកបរខាងលើ រួមនឹងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការពិនិត្យបន្តទៀត ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖