ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុង សម្រាប់ព្រះរាជអាជ្ញារង ក្រឡាបញ្ជីអយ្យការ មន្ត្រីលេខាធិការដ្ឋាន ក្រោមប្រធានបទ “តួនាទីអយ្យការក្នុងការស៊ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់” ដែលបទបង្ហាញនេះត្រូវបានធ្វើឡើងដោយក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ក្រោមអធិបតីភាពលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គោលដៅនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចូលរួមគាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយវិធានការនានារបស់ក្រសួងយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ការពារគ្រឹះស្ថានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិពីឥទ្ធិពលនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជំរុញប្រសិទ្ធភាពកំណើននៃការស៊ើបអង្កេត ព្រមទាំងការចោទប្រកាន់បទល្មើសសម្អាតប្រាក់ផងដែរ។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ និងដើម្បីឆ្លើយតបនឹងកំណើនឡើងនៃសំណុំរឿងសម្អាតប្រាក់ ក៏ដូចជាភាពស្មុគស្មាញនៃការស៊ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់ដែលជាបទល្មើសហានិភ័យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុងដើម្បីពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសបន្ថែមទៀតលើការស៊ើបអង្កេតប្រមូលភស្តុតាង និងសម្រេចបើកការចោទប្រកាន់សម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់។
ក្រៅពីនេះលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ ពិសេសក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ទាំងក្រុមការងារអយ្យការ ទាំងខាងក្រុមការងារចៅក្រមដែលបានខិតខំព្យាយាមបំពេញកិច្ចការងារកន្លងមកដោយស្មារតី មនសិការទទួលខុសត្រូវខ្ពស់ មានបុរេសកម្មលើការងារប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់។ បន្ថែមពីនេះ លោក ច្រឹង ខ្មៅ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ចូលរួមដោយការយកចិត្តទុកដាក់ខ្ពស់ និងលើកជាសំណួរ ពិភាក្សាឱ្យបានផុសផុល ស្វែងរកចំណុចដែលជាបញ្ហាប្រឈមនានានៅពេលអនុវត្តកិច្ចការ ដើម្បីអាចស្វែងរកយន្តការរួមដែលមានប្រសិទ្ធភាពអាចដោះស្រាយការអនុវត្តកិច្ចការនេះឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដលបច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ (ដែលរួមមានទាំងការចោទប្រកាន់ ការឃាត់ទុក ការបង្កក និងការសម្រេចរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ឬជាផលនៃបទល្មើស) សរុបជាង ៤០សំណុំរឿង ដោយការសម្រេចបង្កក និងការរឹបអូសដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេច គិតជាទឹកប្រាក់ប្រមាណជា១០លានដុល្លាអាមេរិក ៕
ដោយ ៖ រ៉ារ៉ា