សាធារណរដ្ឋកូរ៉េ ៖ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាលោកចង់ចូលរួមធ្វើការជាមួយប្រេសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីគាំទ្រដល់ឱ្យមានការសហការគ្នារវាងអង្គការសហប្រជាជាតិនិងអាស៊ាន ដើម្បីចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបាន។
ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោក បាន គីមូន បានគាំទ្រចំពោះការដឹកនាំអាស៊ានឆ្នាំ២០២២ របស់សម្ដេចតេជោ និងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលលោកថា ជាទស្សនកិច្ចមួយដែលសំខាន់។ លោកបានស្នើសុំសម្ដេចដើម្បីអាចទាក់ទងទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយផ្ទាល់ដើម្បីរួមចំណែកជួយក្នុងរឿងនេះ។
«ដោយសារគាត់ធ្លាប់ជាអតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អាស៊ាន ហើយនឹងអង្គការសហប្រជាជាតិអាចសហការគ្នាក្នុងការជំរុញការងារនេះដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា»។ នេះជាការថ្លែងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនេះនៅសាធារណរដ្ឋកូរ៉រ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីធ្វើទស្សនកិច្ចបានជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោងលាំង សម្ដេចតេជោ បានតែងតាំងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ា ដែលនឹងត្រូវធ្វើការបន្ទាប់ក្នុងការជួយស្វែងរកសន្ដិភាព និងការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីអាស៊ាននឹងបើកកិច្ចប្រជុំចង្អៀតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។
សូមបញ្ជាក់ថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជំនួបទ្វេភាគីជាមួយលោក មូន ចេអ៊ីន(Moon Jae-In )ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នាវិមានខៀវ (Blue House) រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ប្រជាពលរដ្ឋសម្ដែងមោទកភាពចំពោះសម្ដេចតេជោ ដែលបានទទួលពានរង្វាន់ សន្តិភាពពិភពលោក ៕
ដោយ ៖ សិលា