ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ដល់ទៅ៤គ្រឿងទៅកាន់អង់គ្លេស ចូលរួមធ្វើសមយុទ្ធជាមួយណាតូ

ចែករំលែក៖

យន្តហោះទម្លាក់គ្រាបបែកB-52 ដល់ទៅ៤គ្រឿង ត្រូវបានអាមេរិក បញ្ជូនទៅកាន់ប្រទេសអង់គ្លេសដើម្បីចូលរួមធ្វើសមយុទ្ធជាមួយអង្គការណាតូ ក្នុងពេលដែលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន។

ទីបញ្ជាការកម្លាំងទាហានអាកាសអាមេរិកប្រចាំនៅតំបន់អឺរ៉ុប និងអាហ្វ្រិក (USAFE-AFAFRICA) បានប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈថា «យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 និងសម្ភារៈសឹកជាច្រើនទៀតបានទៅកាន់អាកាសយានដ្ឋានFairdord របស់ប្រទេសអង់គ្លេស ដើម្បីចូលរួមហ្វឹកហាត់ជាមួយកម្លាំងទាហានណាតូ។ នេះជាសកម្មភាពស្ថិតនៅក្នុងគម្រោងជាយូរណាស់មកហើយ»។
កម្លាំងទាហានអាកាសអាមេរិកបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ បែកបានទៅចូលរួមជាមួយយន្តហោះចម្បំាង Typhoon របស់អង់គ្លេស និង F-16 របស់អេស្ប៉ាញបំពេញភារកិច្ចយាមល្បាតនៅ Iceland ។ យន្តហោះទម្លាក់គ្រាប់បែកខាងលើរបស់អាមេរិកក៏បានចូលរួមជាមួយអង្គគ្លេសដើម្បីធ្វើអន្តរាគមន៍ក្នុងពេលចាំបាច់ ។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាបានដាក់ពង្រាយកម្លាំងទាហានជាង១សែននាក់នៅជាប់ព្រំដែនប្រទេសអ៊ុយក្រែនដើម្បីត្រៀមវាយប្រហារប្រទេសនេះ។ ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការចោទប្រកាន់ខាងលើ ដោយបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានត្រៀមការពារដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ មិនមានបំណងវាយប្រហារប្រទេសណាមួយនោះឡើយ ៕ ដោយ៖ សាធី

រូបថត៖AP


ចែករំលែក៖