ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លេីងបណ្ដាលឲ្យឆេះផ្ទះជួសជុលម៉ូតូអស់១ខ្នងនិងរាលដាលឆេះដល់ផ្ទះអ្នកជិតខាង​ ​ភោជនីយដ្ឋាន​នៅជាប់គ្នារងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅស្ថិតនៅផ្លូវបេតុងទ្រុងមាន់ ក្នុងភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់អ្នកជិតខាង​ និងអាជ្ញាធរមូលដ្ឋានចុះមកធ្វើអន្តរាគមន៍​ កាលពីវេលា​ម៉ោង១និង៤៧នាទីរសៀល​ ថ្ងៃទី១១​ ខែកុម្ភៈ​​ ឆ្នាំ២០២២​។
​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​គឺទីតាំងខាងលេីបានដាច់ភ្លេីង លុះមួយសន្ទុះក្រោយមកភ្លេីងក៏មានមកវិញ​ ស្រាប់តែទុស្សេពីក្នុងកាប៊ីនភ្លេីងធ្វេីឱ្យឆាបឆេះផ្ទះជួសជុលម៉ូតូយ៉ាងឆាប់រហ័ស​ និងចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដងទឹក​ និងតទុយយោទឹកមកបាញ់ពន្លត់​នៅតែមិនអាចគ្រប់គ្រងស្ថានការណ៍បាន​ ទេីប
រាយការណ៍ទៅអាជ្ញាធរ​មូលដ្ឋាន​ និងសមត្ថកិច្ចជំនាញពន្លត់ បង្ការ​និងសង្គ្រោះអគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​។
​ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងមកជួយធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់យ៉ាងញាប់ដៃ​ញាប់ជេីង​ ដោយប្រេីពេលវេលាតែមួយម៉ោង​ និងប្រេីទឹកអស់តែ៧ឡានប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ​ ។
​ ចំពោះករណីអគ្គិភ័យនេះ​ បានធ្វេីឱ្យផ្ទះជួសជុលម៉ូតូមួយល្វែង​ និងសម្ភារជាច្រេីនខូចខាតទាំងស្រុង​ ក្នុងនោះក៏មានការឆេះរោលរាលដល់ផ្ទះ​អ្នកជិតខាង​ និងភោជនីយដ្ឋាន​នៅជាប់គ្នារងការខូចខាតសម្ភារអស់មួយចំនួនផងដែរ​ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ​គឺ​ បណ្ដាលមកពីទុស្សេខ្សែភ្លេីង​ តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់​ ព្រោះតែករណីអគ្គិភ័យនេះ​ នោះទេ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖