ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាសពីការពង្រឹងវិធានការការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី«អូមីក្រុង» អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់ ១៤ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ បងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកំសាន្ត ឬបរិភោគអាហាររួមគ្នា ជាដើម នាថ្ងៃបុណ្យនៃក្តីស្រលាញ់ដែលជាទំនៀមទម្លាប់របស់បរទេស ដើម្បីចែករំលែកសេចក្តីស្រលាញ់ ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូល ទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លង លឿនជាងប្រភេទមុនៗ។ ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេស យុវជន-យុវនារី សូមមេត្តាបន្តការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងត ចរាចរនៅក្នុងសហគមន៍យើង និងអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានម៉ត់ចត់តាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានក្រើនរំលឹកអំពី ការការពារខ្លួនរបស់បុគ្គល ដោយសារមានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យមាន ការកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ ឬការជួបជុំដែលមិនចាំបាច់នានា ព្រមទាំងត្រូវបន្តអនុវត្តន៍វិធាន ការសុខាភិបាលឱ្យបានពេញលេញ និងម៉ត់ចត់នៅគ្រប់សកម្មភាពរបស់បងប្អូន។

ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមាននៅក្នុងចំណោមក្រុមមនុស្សដែលមាន ការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានាការសុខាភិបាលត្រឹមត្រូវ ដែលបង្កជា ឱកាសធ្វើឱ្យមានការចម្លងបន្តគ្នា ហើយពួកគាត់អាចនាំយកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្ត ដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសាររបស់គាត់ ដូចជាមនុស្សវ័យចាស់ អ្នកមាន ជំងឺប្រចាំកាយជាដើម ដែលអាចបង្កជាហានិភ័យកាន់តែខ្លាំងអាចបណ្តាលឱ្យមានការកើនឡើងករណី ឈឺធ្ងន់ ត្រូវការសម្រាកពេទ្យ និងស្លាប់ជាដើម។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដ៏ទទូចដល់បងប្អូនសាធារណជនទាំងអស់ ជាពិសេស យុវជន-យុវនារី ” សូមរួមគ្នាចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៏យើងដោយការទទួលខុសត្រូវលើគ្រប់សកម្មភាពនៃការរស់នៅរបស់ បងប្អូន និងត្រូវប្រែក្លាយថ្ងៃនោះ ជាថ្ងៃបង្ហាញការចូលរួម និងការយកចិត្តទុកដាក់ក្នុងការការពារមនុស្សជា ទីស្រលាញ់របស់ខ្លួន ពីការឆ្លងវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដោយបន្តអនុវត្តវិធានការ សុខាភិបាលរួមមាន៖ ត្រូវកាត់បន្ថយជាអតិបរមានូវការជួបជុំគ្នាច្រើន និងញឹកញាប់ បន្តអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស់ត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សអ៊ូអរច្រើន កុំទៅកន្លែងមានមនុស្សនៅជិតៗ ឬកៀកគ្នា កុំទៅ កន្លែងបិទជិត) និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដួសទី៣ ឬដូស ជំរុញ ឱ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្ត និងជំរុញឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជួយធ្វើការអប់រំសុខភាព និងផ្សព្វផ្សាយនូវវិធានការការពារខ្លួនពីការចម្លងវីរុស អូមីក្រុងនេះ ដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេស ទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីចូលរួមទប់ស្កាត់ នូវការផ្ទុះចេញការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ នាថ្ងៃដែលអាចមានការជួបជុំខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទទាន់ហេតុការណ៍ លេខ ១១៥ ដោយឥតគិតថ្លៃ ឬ លេខទំនាក់ទំនងរបស់ក្រសួងសុខាភិបាល តាមលេខទូរសព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ ៖ សិលា


ចែករំលែក៖