ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករកម្មការិនីរោងចក្របើកធ្លាក់ប្រឡាយក្រឡាប់បណ្តាលឱ្យមនុស្សរងបួសធ្ងន់ស្រាលប្រមាណ៣១នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករកម្មការិនីរោងចក្រប្រមាណ៣១នាក់ក្នុងចំណោមកម្មករជាច្រើននាក់បានរងរបួសធ្ងន់និងស្រាលខណៈដែលរថយន្តធ្លាក់ទៅក្នុងប្រឡាយក្រឡាប់សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

   នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិអូរតាវាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើសង្ស័យអ្នកបើកបរមិនប្រយ័ត្នក៏បណ្តាលឱ្យរថយន្តធ្លាក់ចូលប្រឡាយទឹកធ្វើឱ្យកម្មករកម្មការិនីដែលជិះនៅក្នុងរថយន្តរងរបួសធ្ងន់ស្រាលចំនួន៣១នាក់តែម្តង។  ក្រោយកើតហេតុអ្នកបើកបរនិងព្រួម្នាក់ទៀត(បានរត់គេចខ្លួនបាត់) ។ សមត្ថកិច្ចបញ្ជាក់ថា អ្នករបួសធ្ងន់ក្នុងហេតុការណ៍នោះគឺមាន៣នាក់ក្នុងនោះក៏មានស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ និង២៨នាក់ទៀតរងរបួសស្រាល។  ចំពោះវត្ថុតាងសមត្ថកិច្ចបានហៅរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖