ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងដែលមានលោកវរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យ បានដឹកនាំកម្លាំងចូលរួមជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ឃាត់រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី Camary កាត់ទ្រុង ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-0832 បន្ទាប់ពីសមត្ថកិច្ចមានតម្រុយថាកំពុងដឹកទំនិញខូចគុណភាពចូលកម្ពុជា។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងបានឲ្យដឹងថា ពេលសមត្ថកិច្ចកំពុងត្រួតពិនិត្យនេះ ម្ចាស់រថយន្តខាងលើបានរត់គេចខ្លួនបាត់ពីទីនោះតែម្តង។ បន្ទាប់មកសមត្ថកិច្ចសម្រេចត្រួតពិនិត្យក្នុងរថយន្តស្រាប់តែឃើញមាន៖ ប្រហិតចម្រុះចំនួន ៨០០គីឡូក្រាម និងសាច់ជ្រូកចង្កាក់ចំនួន ២០០គីឡូក្រាម ដែលទំនិញខាងលើនេះលួចលាក់នាំចូលពីប្រទេសថៃ ហើយមិនមានការវេចខ្ចប់ និង រក្សាទុកស្របតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវនោះទេ។
ទំនិញខូចគុណភាពទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញឆ្លងយោបល់លោកស្នងការនគរបាលខេត្ត ដោយ សហការជាមួយផ្នែកជំនាញពេទ្យសត្វយកទៅដុតបំផ្លាញចោលនៅមូលដ្ឋាននោះនារសៀលថ្ងៃខាងលើ។ ចំណែកឯរថយន្តបានយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីស្រាវជ្រាវរកម្ចាស់ចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ ប្រាថ្នា