ព័ត៌មានទាន់ហេតុការណ៍៖

ចោរ៣នាក់ចូលចាប់ចងម្ចាស់ផ្ទះប្លន់យកលុយជាង៥០ម៉ឺនរៀលនិងម៉ូតូ១គ្រឿងរួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមចោរប្លន់មួយក្រុម មានគ្នា៣នាក់បាន​ចូលចាប់ម្ចាស់ផ្ទះចងនឹងសរសរផ្ទះ ប្លន់យកលុយ៥២ម៉ឺនរៀលនិងម៉ូតូមួយគ្រឿងរួចគេចខ្លួនដោយសុវត្ថិភាណ។

  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទី ​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

  ជនរងគ្រោះ ឈ្មោះ អំ​ សឺ​ ភេទប្រុស អាយុ ៧៥ឆ្នាំ ប្រពន្ធឈ្មោះ សោ​ វ៉ង់ អាយុ ៧៣ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

  ជនរងគ្រោះ បា​ន​រៀប​​រាប់​​ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃកើតហេតុគាត់ និងគ្រួសារ បានដេកសម្រាកជាធម្មតា។លុះដល់ជាងពាក់កណ្តាលអធ្រាត្រ ស្រាប់តែ​មានជន​មិនស្គាល់អត្តសញ្ញាណ មានគ្នា​ចំនួន ៣នាក់ បានចូលមកធ្វើ​សកម្មភាព ចាប់ពួកគាត់​ចង ជាប់សរសរផ្ទះ រួច​យក​កាំបិតភ្ជង់ក មិនឲ្យស្រែក រួចក៏បានយកម៉ូតូ ១គ្រឿង និងប្រាក់ ចំនួន ៥២០ ០០០រៀល (ហាសិបពីរម៉ឺនរៀល) រត់គេចខ្លួនបាត់អស់ទៅ។  ជនរងគ្រោះបានឲ្យដឹងទៀតថាបន្ទាប់ពីក្រុមចោរ ចេញផុត រូបគាត់បានរើរួចពីចំណង ហើយបានស្រែកឲ្យអ្នកភូមិជួយ ក៏ដឹងដល់សមត្ថកិច្ច ចុះមកសួរនាំទាំងយប់។

 ក្នុងករណីនេះ​សមត្ថកិច្ចបានត្រឹមធ្វើកំណត់ហេតុសួរនាំជនរងគ្រោះ ដើម្បីស្រាវជ្រាវ​តាមរកមុខសញ្ញា​ខាងលើប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាក្រុមចោរប្លន់​ទាំងនោះ បាននៅ​ឡើយទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា មិនយូរមិនឆាប់នឹងវែករកមុខឃើញមិនខាន៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖