ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

    ភ្នំពេញ ៖ កម្លាំងនគរបាលរដ្ឋបាលព្រែកលៀប សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា និងលោកវរសេនីយ៍ទោ ហុង សឿន ទទួលផែនគ្រឿងញៀនបានឆ្មក់ចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាងបានចំនួន៣៤ថង់តូច។

   ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ក្នុងក្រុមទី៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

   លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានប្រាប់ឱ្យដឹងថា ករណីចុះបង្ក្រាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៤ នាក់ក្នុងនោះមានអ្នកជួញដូរថ្នាំញៀន ៤នាក់ រួមមាន៖ ទី១-ឈ្មោះ កែវ កុសល ភេទប្រុស អាយុ៣១ឆ្នាំ ដកហូតថ្នាំញៀន បាន៦ថង់តូច, ទី២-ឈ្មោះ ពេជ្រ គង់ ភេទប្រុស អាយុ២០ឆ្នាំ ដកហូតថ្នាំញៀន បាន៩ថង់តូច, ទី៣-ឈ្មោះ វ៉ែន ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ ដកហូតថ្នាំញៀន ១៨ថង់តូច និងទី៤-ឈ្មោះ បុត្រ បុណ ភេទប្រុស អាយុ១៧ឆ្នាំ ដកហូតថ្នាំញៀនបាន១ថង់តូច។ ចំណែកអ្នកប្រើប្រាស់គ្រឿងញៀន៧នាក់ ទី១-ឈ្មោះព្រំ ចាន់រ៉ៃយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ, ទី២-ឈ្មោះ ព្រឹម នាង ភេទប្រុស អាយុ២៩ឆ្នាំ, ទី៣-ឈ្មោះពៅ ង៉ែត ភេទប្រុស អាយុ ២៧ឆ្នាំ, ទី៤-ឈ្មោះ លឹម លាវ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៥-ឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៦-ឈ្មោះ ហេង សុភក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ និងទី៧-ឈ្មោះ ថុន ឈាងលី ភេទប្រុស អាយុ៣៨ឆ្នាំ ហើយបានពិនិត្យទឹកមូត្រឃើញមានផ្ទុកសារធាតុញៀនទាំង៧នាក់ ឯ៣នាក់ទៀតពិនិត្យទឹកនោមឃើញអវិជ្ជមាន ទើបធ្វើការអប់រំនិងណែនាំឱ្យត្រឡប់ទៅគេហដ្ឋានវិញផងដែរ។ សម្រាប់វត្ថុតាងកម្លាំងសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៣៤ថង់តូចដែលជាគ្រឿងញៀន។

   ក្រោយពេលប្រតិបត្តិការចុះបង្ក្រាបនេះ ជនសង្ស័យដែលពាក់ព័ន្ធចំនួន១១នាក់ គឺមានអ្នកជួញដូរចំនួន៤នាក់ និងអ្នកប្រើប្រាស់ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលព្រែកលៀបបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖