ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូអមដំណើរច្រៀងចម្រៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចម្រៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងឱកាសដែលសម្តេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ 

    លោក សួស យ៉ារ៉ា មានប្រសាសន៍ថា សុន្ទរកថារបស់សម្តេចថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២ ខែកុម្ភៈ បានផ្តល់នូវការរំជួលចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាពរំជួលចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។ រូបលោកក្នុងនាមគណៈប្រតិភូទាំងអស់ សូមប្រសិទ្ធពរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី សូមសម្តេចមានសុខភាពល្អបរិបូណ៌ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តស្ថិតនៅក្នុងបេសកកម្មដឹកនាំព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំបំផុតរបស់សម្តេច ឱ្យកាន់តែរឹងមាំ រីកចម្រើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូរ រឹងមាំជាយូរអង្វែងតរៀងទៅ។

   នៅក្នុងកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តីក្នុងទិដ្ឋភាពស្និទ្ធស្នាល រាក់ទាក់ និងការគោរពស្រឡាញ់បំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហ្មវិហារធម៌ជាមួយកូនចៅរួមការងារទាំងអស់៕

                               

ដោយ ៖ សិលា


ចែករំលែក៖