ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ​ ណែនាំពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ក្នុងទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង” ស្របតាមវិធាន សុខាភិបាល និងដើម្បីធានារក្សាបាននូវទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ស្របតាមសេចក្ដីណែនាំ លេខ ០៩ អយក.សណន ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម ៖

១. ហាមធ្វើសកម្មភាពជួបជុំប្រមូលផ្ដុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថាន សិក្សាសាធារណះ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលអាច បង្កហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ “អូមីក្រុង” ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។ 

២.គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំ ដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា “ទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបរវាងគូសង្សារ និងដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសីលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និងសង្គមជាតិទាំងមូល។ 

៣. ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះត្រួតពិនិត្យ តាមដាន ឃ្លាំមើល និងចាត់វិធានការ ជាបន្ទាន់ ចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយណា ដែលអាចកើតមានក្នុងឱកាសទិវានៃក្តីស្រលាញ់នេះ។

ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សិស្ស-និស្សិត យុវជន-យុវនារី មាតាបិតា អាណាព្យាបាល ប្រជាពលរដ្ឋ និងគ្រប់ ភាគីពាក់ព័ន្ធ ត្រូវសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖