អាមេរិកបានសម្រេចពន្យារពេលអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ សម្រាប់ចាក់ជូនកុមារក្រោមអាយុ៥ឆ្នាំរហូតដល់ខែមេសា ឆ្នាំ២០២២ ខណៈករណីឆ្លងកូវីដ- ១៩ នៅអាមេរិកបានថយចុះយ៉ាងខ្លាំង ។
នាយកដ្ឋានគ្រប់គ្រងឱសថ និងចំណីអាហារអាមេរិក FDA បានឱ្យដឹងថា អាណាព្យាបាលគួរតែស្ងប់អារម្មណ៍ក្នុងពេលស្ថាប័នសុខាភិបាលត្រូវការពេលវេលាបន្ថែមដើម្បីធានាថា វ៉ាក់សាំងបង្ការកូវីដ-១៩ មិនប៉ះពាល់ដល់កុមារនោះឡើយ។ បច្ចុប្បន្នអាមេរិកមានកុមារក្រោមអាយុ៥ឆ្នាំរហូតដល់ទៅ ១៨លាននាក់។
ករណីឆ្លងកូវីដ-១៩នៅអាមេរិកបានថយចុះយ៉ាងខ្លាំង ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៣១,៦៥២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ៤៦៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៩,៣២៥,៥៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៤៣,៤១១នាក់ និងជាសះស្បើយឡើងសរុបជាង ៤៩.៨៣លាននាក់។
កាលពីចុងសប្តាហ៍មុននេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃសហរដ្ឋអាមេរិក បានស្វះស្វែងផ្តល់ការធានាជាថ្មីដល់សាធារណជន ដែលកំពុងនឿយហត់ខ្លាំងដោយសារ COVID-19 ថា ប្រទេសនេះកំពុងខិតទៅជិតពេលវេលាមួយដែលជំងឺនេះនឹងមិនគ្របដណ្ដប់លើជីវិតប្រចាំថ្ងៃរបស់ពួកគេទៀតទេ ដោយសារការឆ្លងរាតត្បាតនៃវីរុស Omicron បានឆ្លងកាត់ចំណុចកំពូលរួចរាល់ និងអត្រានៃការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បាននិងកំពុងធ្លាក់ចុះវិញ នៅក្នុងផ្នែកជាច្រើននៃប្រទេស។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤៧លានដូស ក្នុងនោះប្រជាជន ២៥១.៩២លាននាក់ (៧៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១២.៩៥លាននាក់ (៦៤.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩១.២៥លាននាក់ (២៧.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយ៖ សាធី
រូបថត៖vietnamnet.vn