ព័ត៌មានទាន់ហេតុការណ៍៖

អគារអនុសាខាកាកបាទក្រហមស្រុកកូនមុំ នឹងបង្កភាពងាយស្រួល បម្រើការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋឱ្យកាន់តែសកម្មថែមទៀត!

ចែករំលែក៖

ខេត្តរតនគិរី៖ បេី​តាមការបញ្ជាក់ពី​ប្រសាសន៍របស់លោក ញ៉ែម សំអឿន​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកូនមុំ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖​ អគារអនុសាខាកាកបាទក្រហមស្រុកកូនមុំ នឹងបង្កភាពងាយស្រួល ដល់គណៈកម្មាធិការអនុសាខាស្រុក បានបម្រើការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋអោយកាន់តែសកម្មថែមទៀត!

ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពុកម៉ែបងប្អូនទាំងអស់ និងបានជម្រាបជូនថាប្រទេសជាតិយើង មានសុខសន្តិភាព និងកំពុងឈានឆ្ពោះទៅរកភាពរីកចម្រើន លើគ្រប់វិស័យតាមចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ តែយ៉ាងណា យើងក៏នៅមានប្រជាជនមួយចំនួន នៅតែប្រឈមនឹងភាពងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការជួយសង្រ្គោះភ្លាមៗ ឱ្យ​ទាន់ពេលវេលា។ ហេតុនេះហើយទើបកាកបាទក្រហមកម្ពុជា បានបង្កើតឲ្យមានរចនាសម័្ពន្ធ តាំងពីថ្នាក់ខេត្ត រហូតដល់ ក្រុងស្រុក ឃុំសង្កាត់ និងអ្នកស្ម័គ្រចិត្តគ្រប់ភូមិ ដើម្បីត្រៀមប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់ជួយពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយនឹងការលើកឡើងបែបនេះ លោកប្រធាន​ ក៏បានបញ្ជាក់ដែរថា កាកបាទក្រហម គឺមានប្រភពចំណូលពីសប្បុរស

ជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ឧសភា និងរាត្រីសមោសរជាដើម មានន័យថាសកម្មភាព  ទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករ ប្រជាពលរដ្ឋ មានការចែករលែកជាមួយកាកបាទក្រហម ទើបកាកបាទក្រហមអាចជួយ ប្រជាពលរដ្ឋ ងាយរងគ្រោះនានាបាន។ 

ក្នុងពិធីនោះដែរ លោក​ ញ៉ែម​ សំអឿន​ បានចែកជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចាស់ជរា កុមារកំព្រា ជនពិការងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ មកពី៦ឃុំ ក្នុងស្រុកកូនមុំ ដែលក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ម៉ាស់២ សាប៊ូ២ដុំ ជែលលាងដៃ១ដប និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា៖ អគារទីស្នាក់ការអនុសាខានេះមានទីតាំងនៅភូមិ៣ ឃុំត្រពាំងច្រស មានទំហំ ៦ម៉ែត្រ​ គុណ​និង​១២.៥ ម៉ែត្រ មានបន្ទប់ធ្វើការ១ សាលប្រជុំ១ និងបន្ទប់ទឹក១ខ្នង បានដំណើរការសាងសង់ ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៩ខែ  រហូតរួចជាស្ថាពរ នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៩ ដោយចំណាយថវិការអស់ប្រមាណ ១៣.១៨៦.៤៦ ដុល្លារ ៕

ដោយ​៖សហការី​


ចែករំលែក៖