ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ ជួបតំណាងធនាគារពិភពលោក ពិភាក្សាពីការអភិវឌ្ឍជំនាញ ដើម្បីបង្កើនផលិតភាពការងារសម្រាប់យុវជន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) ដើម្បីជជែកពិភាក្សា កិច្ចការមួយចំនួនដែលធនាគារពិភពលោក (World Bank) អាចជួយគាំទ្រអ្វីខ្លះដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជក ឱ្យយុវជនទទួលបានការងារល្អៗ ដើម្បីបង្កើនចំណូលរបស់ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។

មុននឹងចាប់ផ្តើមនូវជំនួបពិភាក្សានេះ លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលកន្លងមកបានជួយជ្រោមជ្រែង បញ្ជូនអ្នកជំនាញការ ផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យមានសមត្ថភាពក្នុងការចូលរួមកសាងសង្គមជាតិ និងបានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ជាតិយ៉ាងច្រើន ដែលសមិទ្ធផលអស់ទាំងនេះជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការពន្លឿន និងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។  

លោក Yasser El- Gammal ពិតជាមានសុទិដ្ឋិនិយម ចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង លើការបណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជន ឲ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។  

នាឱកាសនោះដែរ លោកបណ្ឌិត អ៉ិត សំហេង ក៏បានជម្រាបជូនលោក Yasser El- Gammal ថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងធំៗចំនួន២ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) មានគោលបំណងដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ក្នុងនោះផងដែរ នៅក្នុងគម្រោង S4C, TVET កម្ពុជា បាននិងកំពុងផ្តោតលើវិស័យជំនាញអាទិភាពចំនួន៣ធំៗ៖ ១.ពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស, ២.លើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែងការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហកម្ម, ៣.ពង្រីកយន្តការហិរញ្ញវត្ថុសម្រាប់អ.ប.វ និងនវានុវត្តន៍ ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានសំណូមពរដល់ World Bank សូមជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀតដូចជា៖ ពង្រឹងគុណភាព TVETឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ, ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET, លើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET, ធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច និងប្រព័ន្ធ TVET, និងបានស្នើសុំបន្ថែមវិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET policy និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះគឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

លោកនាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានគាំទ្រនូវសំណើរ និងសំណូមពរដែលលោករដ្ឋមន្ត្រីបានលើកអំពីអ្វីដែលជាតម្រូវការអភិវឌ្ឍន៍ជំនាញនៅកម្ពុជានេះ ហើយលោកបានបញ្ជាក់បន្ថែមថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឲ្យបាននៅចុងឆ្នាំ២០២២ខាងមុខនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖