ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកទាំង ៤រូបប្រចាំពូល A បង្ហាញពីការតាំងចិត្តរៀងៗខ្លួនក្នុងពានរង្វាន់ AFF U-23 Championship ! កម្ពុជា ជួប ព្រុយណេ, ម៉ោង១៧និង០០នាទីថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម ២៣ឆ្នាំ AFF U-23 Championship 2022 ដែលធ្វើនៅកម្ពុជា នឹងចាប់ផ្ដើមដំណើរការពីថ្ងៃនេះទៅហើយ ដោយចាប់ផ្ដើមជាមួយពូល A ដែលមានកម្ពុជា, ព្រុយណេ, ហ្វីលីពីន និងទីម័រខាងកើត។ នេះបើយោងតាមផេក (Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ 🇰🇭

#កីឡារស់ក្នុងសន្ដិភាព SPORTS: LIVE IN PEACE នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា, នៅមុនការប្រកួតចាប់ផ្ដើមកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២២ ក៏មានការធ្វើសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ផងដែរ តាមរយៈប្រព័ន្ធអនឡាញ (Zoom) សម្រាប់ប្រទេសទាំង ១០ដែលចូលរួម នឹងបែងចែកជាវេនផ្សេងៗគ្នាទៅតាមពូល ដោយចាប់ផ្ដើមជាមួយពូល A  មានការចូលរួមពីគ្រូបង្វឹកនៃប្រទេសទាំង ៤ មន្ត្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានជាអ្នកសម្របសម្រួល និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជាច្រើនរូបផងដែរ។

លោក Ryo Hirose គ្រូបង្វឹកនៃក្រុម U-23 កម្ពុជា បានលើកឡើងដូច្នេះថា «មុនចាប់ផ្ដើមនេះ ខ្ញុំសូមអរគុណដល់ការរៀបចំអោយមានព្រឹត្តិការណ៍នេះឡើង យើងកំពុងស្ថិតនៅក្នុងស្ថានភាពនៃជំងឺរាលត្បាត។ ដូចដែលខ្ញុំបានលើកឡើងតាំងពីព្រឹត្តិការណ៍មុនៗ វាគឺជាការរៀបចំដ៏ល្អសម្រាប់ស៊ីហ្គេម លើកដំបូង ឆ្នាំ២០២៣ ជាមួយគ្នាផងដែរយើងក៏ចង់បានលទ្ធផលដ៏ល្អតាមរយៈព្រឹត្តិការណ៍នេះ ទាំងចំណាត់ថ្នាក់ ក៏ដូចជាទិន្នផលរបស់កីឡាករ»។

«សម្រាប់ពានរង្វាន់នេះ ដូចដែលខ្ញុំបានលើកឡើងក្នុងអំឡុងពេលជំងឺរាតត្បាតសកលនេះវាពិតជាពិបាកក្នុងការធ្វើឲ្យមានការប្រកួតបែបអន្តរជាតិ ជាពិសេសនៅក្នុងពានសម្រាប់យុវជន ទោះបីជាយើងមានការប្រកួតស៊ីហ្គេមឆ្នាំនេះ ក៏ដូចជាស៊ីហ្គេម ២០២៣ ភាគច្រើនក្រុមនៅអាស៊ានមិនអាចរៀបចំបានល្អនោះទេ ពានរង្វាន់នេះគឺល្អសម្រាប់ការរៀបចំក្រុមសម្រាប់គោលបំណងនោះ ហើយសម្រាប់ពូលនេះ មិនថាក្រុមណានៅពូលជាមួយយើងនោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកដឹងហើយ ស៊ីហ្គេម២០២៣ នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិនេះ ហើយវាក៏ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងឈានជើងចូលកីឡដ្ឋាននេះ ដូច្នេះយើងត្រូវការបង្កើតឲ្យមានប្រវត្តិសាស្ត្រល្អជាមួយស្ថានភាពនេះ»។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានសង្កត់ធ្ងន់។

ដោយឡែកសម្រាប់ លោក Stewart Hall គ្រូបង្វឹក U-23 ហ្វីលីពីន វិញបានឲ្យដឹងថា «ជាដំបូង សូមអរគុណដល់អ្នកទាំងអស់គ្នា អបអរសាទរដល់ក្រុមទាំងអស់ដែលបានមកទីនេះជាមួយនឹងបញ្ហាធ្វើដំណើរជុំវិញពិភពលោក ពាក់ព័ន្ធនឹងជំងឺរាត្បាត យើងសង្ឃឹមថាគ្រប់គ្នានឹងរីករាយជាមួយពេលវេលានេះ និងពានរង្វាន់នេះ។ យើងបាននាំមកនូវក្រុមដែលភាគច្រើនសម្បូរដោយកីឡាករក្មេងៗ ដែលកំពុងអភិវឌ្ឍន៍ ពីព្រោះយើងក៏ទន្ទឹងរង់ចាំសម្រាប់ស៊ីហ្គេមនាពេលខាងមុខ ប៉ុន្តែកីឡាកររបស់យើងពិតជាត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមការប្រកួត»។

លោក Aminuddin Jumat គ្រូបង្វឹក U-23 ព្រុយណេ បាននិយាយដូច្នេះថា «ជាការចាប់ផ្ដើម យើងខ្ញុំសូមយកឱកាសនេះដើម្បីអបអរសាទរដល់អ្នករៀបចំកម្មវិធី AFF និងបន្ទាប់មកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះ។ ពិតណាស់ យើងបានឃ្លាតឆ្ងាយពីបាល់ទាត់ជាង ២ឆ្នាំ និងមិនបានចូលរួមការប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែក្នុងឱកាសនេះយើងសម្រេចចូលរួម ដើម្បីជាទុនដល់កីឡាកររបស់យើង ពិតណាស់យើងទន្ទឹងរង់ចាំព្រឹត្តិការណ៍បន្ទាប់នោះគឺស៊ីហ្គេម ដូច្នេះយើងបាននាំយកកីឡាករដែលពាក់កណ្ដាលនៃពួកគេគឺជាកីឡាករក្មេងៗ នឹងអាចលេងស៊ីហ្គេមនៅពេលខាងមុខ»។

ចុងក្រោយ លោក Fabio Maciel ដែលជាគ្រូបង្វឹករបស់ U-23 ទីម័រខាងកើត បានឲ្យដឹងដែរថា «ខ្ញុំរីករាយណាស់ដែលបានមកទីនេះម្ដងទៀត យើងដឹងហើយស្ថានភាពដែលគ្រប់គ្នាកំពុងប្រឈមក្នុងការធ្វើដំណើរមកទីនេះ ដូចដែលយើងទើបតែទទួលបានបទពិសោធន៍ធ្វើដំណើទៅប្រទេសសិង្ហបុរី វាមិនងាយនោះទេ ដូច្នេះខ្ញុំពិតជារីករាយ និងអរគុណដល់ AFF ដែលបង្កើតឱកាសនេះ ដើម្បីឲ្យកីឡាករក្មេងៗរបស់យើងអាចបង្ហាញសមត្ថភាពក្នុងបាល់ទាត់កម្រិតអន្តរជាតិ និងអរគុណកម្ពុជា សម្រាប់ការទទួលពួកយើង យើងរីករាយ ហើយយើងរំពឹងថាយើងនឹងធ្វើឲ្យការប្រកួតកាន់តែល្អមើល»។

អំពីពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ នឹងត្រូវប្រកួតលើទីលានចំនួន២ រួមមាន វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។ ព្រឹត្តិការណ៍នេះដែរ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានឌូម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មានថៃ វៀតណាម និងសិង្ហបុរី ខណៈឥណ្ឌូនេស៊ី  បានដកខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖