ខេត្តរតនគិរី ៖ ផ្ទះជួលមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង ចំណែកផ្ទះជិតខាង២ខ្នងទៀត ត្រូវភ្លើងឆេះរោលៗជញ្ជាំង មួយចំហៀង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
អធិការនគរបាលក្រុងបានលុង លោកវរសេនីយ៍ឯក ហួត បូរី បាន ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះជួលខាងលើនោះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងប្រតិបត្តិការជួយពន្លត់កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បាញ់ទឹកពន្លត់ អស់៩រថយន្ត ទើបគ្រប់គ្រងសភាពការណ៍បានជាស្ថាពរ។ លោកអធិការក្រុងបន្តថា ម្ចាស់ផ្ទះជួល១ល្វែងនេះ មានឈ្មោះ ហ៊ូ សុី វត្ថា ភេទស្រី អាយុ៦០ឆ្នាំ ហើយផ្ទះដែលឆេះទំហំ៥ម៉ែត្រ x ៣៥ម៉ែត្រ ស្មើនឹង៧បន្ទប់ ចំណែក២ខ្នងទៀតគ្រាន់តែឆេះរោលៗជញ្ជាំងតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរលោកវរសេនីយ៍ឯក ហួត បូរី អធិការនគរបាលក្រុងបានលុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន មុនពេលចាកចេញពីផ្ទះ ឬ ទៅណា ត្រូវពន្លត់ភ្លើងចង្រ្កាន និងបិទបារ៉ែតភ្លើងឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីការខូចខាត ទ្រព្យសម្បត្តិនៅឡើយទេ៕
ដោយ៖ សូរិយា