ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ បើកការដ្ឋានសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩តេជោសន្តិភាព រាជធានីភ្នំពេញ ចំនួន១១អគារលើផ្ទៃដីជាង៧ហិកតានៅបឹងទំនប់កប់ស្រូវ

ចែករំលែក៖

​ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋាន សាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ស្ថិតនៅបឹងតាមោក(ទំនប់កប់ស្រូវ)  ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ  ក្រោមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតំរូវឱ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។

    ​នៅរសៀលថ្ងៃទី១៤ កុម្ភៈ ២០២២  ពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤កុម្ភៈនេះ  ដោយមានការអញ្ជើញចូលរួម ពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។      

     តាមការឱ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖មណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះមានឈ្មោះថា តេជោសន្តិភាពរាជធានីភ្នំពេញដែលត្រូវសាងសង់ចំនួន១១អគារលើផ្ទៃដីជាង៧ហិកតាស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំ។ ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន បានណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ឲ្យបានឆាប់រហ័សដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការ ឆ្លងលឿនទៀតផង។

មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្ភពីការរាលដាលនៃ ជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុក ដាក់អនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ត់ចត់និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ដូសនិងដូសជំរុញ។ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នាពេលនេះ បានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោដើម្បី  ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអគារមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នេះក៏ជាសមិទ្ធផលថ្មីដែលនឹងកើតចេញជារូបរាងនៅឆ្នាំ២០២២ នេះក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕

ដោយ ៖ សំរិត


ចែករំលែក៖