ខេត្តស្ទឹងត្រែង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបុរសជនជាតិឡាវម្នាក់ ដែលនាំគ្រឿងញៀនជិត១០គីឡូក្រាមចូលកម្ពុជា ដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ។
សូមរម្លឹកថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រាវជ្រាវចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ស្ថិតនៅចំណុច ស្ពានទី ២ នៃច្រករបៀងព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឡាវ និងយោងតាមការធ្វើតេស្តបឋមវត្ថុតាងថ្នាំញៀនឃើញាថា៖ គឺជាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១០ កញ្ទប់ធំ មានទម្ងន់ស្មើ ៩.៨៦៦,៥៦ ក្រាម ស្មើនឹងជិត ១០គីឡូក្រាម។
ជាក់ស្ដែងកម្លាំងជំនាញ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងបទល្មើសគ្រឿងញៀនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួររកមេក្លោងដែលជាពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលេីនេះ បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅតុលាការ តំណាងអយ្យការសាលាដំបូខេត្ត បានសម្រេចចោទប្រកាន់បុរសជនជាតិឡាវរូបនេះ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លុះនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជាបណ្ដោះសន្នដោយឱ្យស្ថិតក្រោមការត្រួតពិនិត្យដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតបន្ត៕
ដោយ៖សហការី