ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជានៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖  បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គបានចំនួន៩ខែគត់។

    ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនូវគោលការណ៍ចំនួន១១សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា។ 

    លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជាដែលប្រព្រឹត្តទៅ នៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ(ឧដុង្គ) និងពិធីរាប់បាត្រ ព្រះសង្ឃ៨០អង្គ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃ១៥កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ 

     យោងតាមឯកសារដែលមាននៅក្នុងព្រះរាជពិធីទ្វារទសមាសបានបញ្ជាក់ថា៖  ប្រភពនៃបុណ្យមាឃបូជាគឺជាបុណ្យមួយដែលមានសារៈសំខាន់ណាស់សម្រាប់ វិស័យពុទ្ធសាសនា ដោយមាន អត្ថន័យ២យ៉ាង គឺ ប្រភពទី១៖ បុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃ នៃការប្រជុំចតុរង្គសន្និបាតនៃ ព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនា ថ្ងៃពេញបូណ៌មីក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឫក្សដ៏ធំមួយរបស់ ព្រះសក្យមុនី គោត្តមបរមគ្រូនៃយើងដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ។

   ប្រភព ទី២៖ បុណ្យមាឃបូជា គឺជា បុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវក ហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

     សម្រាប់ពុទ្ធសាសនិកកម្ពុជាយើងក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូច ប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀត ដែរ ពោលគឺចាប់តាំងពីរជ្ជកាលព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ មុនីវង្សមក រាជរដ្ឋាភិ បាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅ យ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា ៕

ដោយ ៖ សំរិត


ចែករំលែក៖