ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀងចូលរួមពិធីបុណ្យមាឃបូជា និងមានពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន៩៥អង្គ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជា និងមានពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន៩៥អង្គ ក្រោមការរៀបចំរបស់ព្រះគ្រូ សច្ចកល្យាណោ យ៉ន សុខសាន្ត ព្រះវិន័យធរអនុគណក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀងបានអោយដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា និងការណែនាំរបស់លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀង មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសហការជាមួយព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង បានប្រារព្ធពិធីបុណ្យមាឃបូជា និងមានពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន៩៥អង្គ ដោយមានការចូលរួមពីពុទ្ធបរិស័ទ ដោយអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។

សូមបញ្ជាក់ថា យោងតាមឯកសារដែលមាននៅក្នុងព្រះរាជពិធីទ្វារទសមាសបានបញ្ជាក់ថា៖  ប្រភពនៃបុណ្យមាឃបូជាគឺជាបុណ្យមួយដែលមានសារៈសំខាន់ណាស់សម្រាប់ វិស័យពុទ្ធសាសនា ដោយមាន អត្ថន័យ២យ៉ាង គឺ ប្រភពទី១៖ បុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃ នៃការប្រជុំចតុរង្គសន្និបាតនៃ ព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនា ថ្ងៃពេញបូណ៌មីក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឫក្សដ៏ធំមួយរបស់ ព្រះសក្យមុនី គោត្តមបរមគ្រូនៃយើងដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ។

ប្រភព ទី២៖ បុណ្យមាឃបូជា គឺជា បុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវក ហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

សម្រាប់ពុទ្ធសាសនិកកម្ពុជាយើងក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូច ប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀត ដែរ ពោលគឺចាប់តាំងពីរជ្ជកាលព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ មុនីវង្សមក រាជរដ្ឋាភិ បាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅ យ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា ៕

ដោយ៖យឹម សុថាន


ចែករំលែក៖