ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងនិងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបត់ត្រឡប់ក្រោយត្រូវរថយន្តមួយគ្រឿងទៀតបុកពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នករួមដំណើររងរបួសធ្ងន់និងស្រាលចំនួន៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L- 1534 បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៣នាក់ផ្សេងទៀត ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្វេងត្រឡប់ក្រោយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកTOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BK-3455 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកចំពីក្រោយរថយន្តCRVពេញទំហឹង បណ្ដាលឱ្យរថយន្តCRVខ្ទាតដល់ចិញ្ចើមផ្លូវ ចំណែករថយន្តTOYOTA HILUX VIGO ហោះផ្លោងរំលងសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។ ចំណែកអ្នកធ្វើដំណើរតាមរថយន្តCRV រងរបួស៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖