ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូដួលត្រូវរថយន្តកិន នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះឈ្មោះពុំ សុគុន ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិក្តីមិនលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូមួយ១គ្រឿងម៉ាក HONDA DREAM C 125(ស៊េរីឆ្នាំ២០២០) ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ.8447 បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើក៏ដួលម៉ូតូដោយខ្លួនឯងហើយត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកមកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុរថយន្តខាងលើបានបើកគេចខ្លួនបាត់។
ក្រោយកើតហេតុសពជនរងគ្រោះកំពុងរង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាំងម៉ូតូយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា