ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា។
តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក សាលើមសៃ គុំម៉ាស៊ីតរដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៊ីត បានអញ្ជើញចូល ថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រីការបរទេស ក៏បានអញ្ជើញចូលជួប សម្តែងការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានសម្តែង នូវការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក សាលើមសសៃ គុំម៉ាស៊ី បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្ដល់ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៃជំងឺកូវីដ-១៩ រួមទាំងការបរិច្ចាគាន ចុងក្រោយបង្អស់នូវទឹកប្រាក់ចំនួន ១៣លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនី វ៉ាក់សាំងស៊ីណូវ៉ាក និងរថយន្តដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងបរិយាកាសស្និទ្ធស្នាលនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និង ការយោគយល់គ្នាទៅវិញទៅមក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមស គុំម៉ាស៊ីត បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ ប្រទេសទាំងពីរនៅក្នុងវិស័យនយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ ការតភ្ជាប់ផ្នែកដឹកជញ្ជូន កិច្ចការព្រំដែន ទេសចរណ៍ និងការអប់រំ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តដែលក្រសួងពាក់ព័ន្ធនានា របស់ខ្លួនកំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនការបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី មួយទៀត។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ លោក សាលើមសៃ គុំម៉ាស៊ីត បាន សម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ការធ្វើឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំនុចរបស់អាស៊ាន (5PC) តាមរយៈដំណើរទស្សនកិច្ចការងាររបស់សម្តេច នៅមីយ៉ាន់ម៉ា។ លោក បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលឡាវ ចំពោះតួនាទីជាប្រធាន អាស៊ានរបស់កម្ពុជា និងការត្រៀមខ្លួនរបស់លោក ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការ យ៉ាងជិតស្និទ្ធជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហានានាដែលមានផលប្រយោជន៍រួម និងបានសម្តែងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងវេទិកាពហុភាគីនានា ផងដែរ៕
ដោយ ៖ សុខ ខេមរា