ក្រុមហង្សក្រហម Liverpool បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីរកបាន២គ្រាប់ចុងម៉ោងទល់នឹងក្រុម Inter Milan ក្នុងកីឡដ្ឋាន San Siroប្រទេសអុីតាលីកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ កុម្ភៈនេះ។
ក្រុមហង្សក្រហមបានសម្លឹងរកឱកាសល្អពេលប្រកួតឈ្នះក្នុងជើងទី១ ក្នុងទឹកដីក្រុម Inter Milan ដែល២គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទីទី៧៥ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធMohamed Salah នៅនាទីទី៨៣។ ជ័យជម្នះនេះមានន័យថា ក្រុមរបស់លោក Jurgen Klopp ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការប្រកួតជើងទី២នៅកីឡដ្ឋាន Anfield នៅថ្ងៃទី៨ ខែមីនាខាងមុខ។
ក្នុងការប្រកួតនោះខ្សែបម្រើ Harvey Elliott បានក្លាយជាកីឡាករក្មេងបំផុតដែលមិនធ្លាប់មានការប្រកួតសម្រាប់ក្រុម Liverpool ក្នុងវ័យ១៨ឆ្នាំ និង៣១៨ថ្ងៃ។ ពេលនេះក្រុម Liverpool បានឈ្នះការប្រកួតចំនួន៧ដងក្នុងការប្រកួតទាំងអស់ ដោយនេះជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍បំផុតនាពេលបច្ចុប្បន្ន។
Liverpool នៅតែស្ថិតក្នុងការស្វែងរកពានចំនួន៤នៅរដូវកាលនេះ ហើយអាចមានសង្ឃឹមច្រើនពេលជួប Inter Milan នៅជើងទី២ ហើយក្រុមហង្សក្រហមត្រូវជួប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup នៅ Wembley នៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខនេះ។
ចំណែកក្រុមខ្លាំង Bayern Munich បានត្រឹមប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Red Bull Salzburg ក្នុងវគ្គ១៦ក្រុមជើងទី១ ដោយ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Chukwubuike Adamu នៅនាទីទី២១ និង១គ្រាប់របស់ក្រុមភ្ញៀវតាមស្មើដោយកីឡាករ Kingsley Coman នៅនាទីទី៩០ជិតចប់ការប្រកួត។
ក្រុមម្ចាស់ផ្ទះ Salzburg បានបង្ហាញខ្លួននៅក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ជាលើកដំបូង ប៉ុន្តែហាក់ដូចជាមិនមានសង្ឃឹមទេ ពេលដែលជួប Bayern សម្រាប់ជើងទី២នោះ។ ម្ចាស់ជើងឯក Bundesliga បានរងបរាជ័យក្រៅផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៤-២ទល់នឹងក្រុម Bochum កាលពីចុងសប្តាហ៍។
ការប្រកួតជើងទី២ សម្រាប់ក្រុម Bayern Munich នឹងក្រុម Salzburgនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមីនាខាងមុខ ក្នុងទឹកដីក្រុម Bayern ដែលក្រុមនេះមានសង្ឃឹមក្នុងការរកគ្រាប់បាល់ដើម្បីកក់កៅអីទៅកាន់វគ្គ៨ក្រុមបន្តទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)